កំពង់ឆ្នាំង ៖ ក្នុងឱកាសប្រារព្វខួបអនុវស្សាវរីយ៌ លើកទី១២៨ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ ‘’ខ្ញុំស្រឡាញ់ការងារ’’ ។ អភិបាលនៃគណអភិបាល ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែង ប្រាប់ ទៅកម្មករ កម្មការនី កុំអោយជឿការញុះញុង របស់ជនខិលខូច អោយធ្វើសកម្មភាពខុសច្បាប់នានា ដូចជាការធ្វើបាតុកម្មនានា នៅតាមរោងចក្រ សហគ្រាស ដែលនាំអោយប៉ះពាល់ដល់ផលប្រយោជន៌ របស់បងប្អូនកម្មករនិយោជិត និងរំខានដល់សណ្តាប់ធ្នាប់ សាធារណៈ និងបរិយាកាសសង្គមជាតិ ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៌ទៀតថា ការធ្វើបាតុកម្មហឹង្សាថ្មីៗបំផុតនេះ ជាពិសេសបង្ករឡើងដោយក្រុមជនអាណាធិបតេយ្យ ដោយមានការញុះញុង ពីជនខិលខូច និងអ្នកនយោបាយឱកាសនិយម គឺជាសញ្ញាព្រមានជាថ្មី អោយឃើញថា ភាពវឹកវរក្នុងទីផ្សារ ការងារអាចបណ្តាលអោយបាត់បង់សណ្តាប់ធ្នាប់ ស្ថិរភាពសង្គម ព្រមទាំងជំនឿទុកចិត្ត ពីវិនិយោគិន និងឈានទៅបង្កើតអោយមានឡើង នូវបញ្ហាសង្គម ធ្ងន់ធ្ងរសាជាថ្មី ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ យ៉ាងឈឺចាប់ក្នុងអតីតកាល ។
ប្រឈមនិងស្ថានភាព ដ៏គ្រោះថ្នាក់នេះ រាជរដ្ឋាភិបាល បានប្រកាន់យកវិធានការស្របច្បាប់ ទន់ភ្លន់ និងអត់ធ្មត់អតិបរិមា សំដៅស្តារ និងរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខ សាធារណៈ ដើម្បីការពារជីវិត និង ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងសាធារណៈ ព្រមទាំងធ្វើអោយប្រសើរឡើង នូវបរិយាកាសសង្គម ធុរកិច្ច និងការទុកចិត្តពិវិនិយោគិន ដែលជាមូលដ្ឋាន មិនអាចខ្វះបានក្នុងការឈានទៅធានា កំណើនសេដ្ឋកិច្ចបង្កើតការងារជូនប្រជាពលរដ្ឋ ព្រមទាំងដំណើរប្រជាធិបតេយ្យនីយកម្ម និងការលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៌ អំពាវនាវទៀតថា ប្រជាពលរដ្ឋ ដែលមានបំណងស្វែងរកកាងារធ្វើ សូមប្រើប្រាស់សេវារកការងារធ្វើរបស់រដ្ឋ តាមរយៈទីភ្នាក់ងារជាតិ មុខរបរនិងការងារ ដើម្បីទទួលបានព័ត៌មាន អំពីឱកាសការងារគ្រប់ប្រភេទ និងទទួលការងារធ្វើបានឆាប់រហ័ស និងចំណាយតិច ចៀសវាងការធ្វើចំណាកស្រុកដោយខុសច្បាប់ ទាំងប្រថុយប្រថាន ទៅរកការងារធ្វើនៅក្រៅប្រទេស។
ទន្ទឹមនិងនេះ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការម៉ឺងម៉ាត់ ចំពោះជនជាមេខ្យល់ ដែលប្រើឧបាយកលអូសទាញ ឬបោកបញ្ឆោតប្រជាពលរដ្ឋ អោយធ្វើចំណាកស្រុក ដើម្បីទៅធ្វើការនៅបរទេសដោយខុសច្បាប់ ។ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ខេត្តកំពង់ឆ្នាំង លោក ពៅ ស៊ីថា បានអោយដឹងថា នៅទូទាំងខេត្តកំពង់ឆ្នាំង មានរោងចក្រចំនួន១៦ និងមានកម្មករ កម្មការនី សរុបចំនួន ២៨៥៣៥នាក់ ដែលកំពុងបម្រើការងារ នៅតាមរោងចក្រ សហគ្រាសទាំងនោះ ៕
មតិយោបល់