ព័ត៌មានជាតិ

ករណីឆបោកយកប្រាក់ពលរដ្ឋចំនួន ២០០០ដុល្លារ ជាថ្នូររត់ការសាងសង់សំណង់ ក្នុងរមណីយដ្ឋានអង្គរ ពេលនេះ សម្រេចឃាត់ខ្លួនបុរសម្នាក់

សៀមរាបៈ យោងតាមផេកអាជ្ញាធរអប្សរា បានឲ្យដឹងថា សាលាដំបូងខេត្តសៀមរាប សម្រេចឃាត់ខ្លួនឈ្មោះ ជា ហាក់ស្រ៊ុន ពីបទឆបោកក្នុងករណីយកប្រាក់ចំនួន ២០០០ដុល្លារ ដើម្បីរត់ការសាងសង់សំណង់ ក្នុងរមណីយដ្ឋានអង្គរ។

ជនជាប់ចោទ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ពីបទឆបោកយកប្រាក់ពីប្រជាពលរដ្ឋនៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ជាថ្នូរនឹងការធានាផ្តល់ច្បាប់អនុញ្ញាត សាងសង់លំនៅឋាន ក្នុងរមណីយដ្ឋានអង្គរ។

ការសម្រេចឃុំខ្លួននេះ ជាលទ្ធផលនៃការស្រាវជ្រាវ របស់ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនៃស្នងការដ្ឋាន ខេត្តសៀមរាប ដែលបានដឹកនាំកម្លាំងស្រាវជ្រាវ យ៉ាងសស្រាក់សស្រាំជាទីបំផុតកាលពីចុងសប្តាហ៍កន្លងមក។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា បន្ទាប់ពីមានការផ្សព្វផ្សាយជាសាធារណៈអំពីការទទួលប្រាក់ចំនួន២០០០ដុល្លារ ដោយឈ្មោះ ជា ហាក់ស្រ៊ុន និងឈ្មោះ វឿង ព្រឿង ដើម្បីរត់ការច្បាប់សាងសង់ក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងបានស្វែងរកជនទាំងពីររូបនេះ មកបំភ្លឺក្នុងរយៈពេល ចុងសប្តាហ៍កន្លងមក។

អាជ្ញាធរជាតិអប្សរា ក៏សូមសំណូមពរដល់ប្រជាពលរដ្ឋ រស់នៅក្នុងរមណីយដ្ឋានអង្គរទាំងអស់ សូមចូលរួមគោរពច្បាប់ក្នុងការសាង់សង់ ក៏ដូចជាប្រុងប្រយ័ត្ន ចំពោះជនខិលខូចដែលឆបោក យកប្រាក់ជាថ្នូរនឹងការសាងសង់ផ្សេងៗ។ មិនតែប៉ុណ្ណោះ ក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបានបង្ហាញអត្តសញ្ញាណជនបោកប្រាស ដែលបានប្រព្រឹត្តខុសច្បាប់ ក្នុងការអនុញ្ញាតនូវសំណង់ខុសច្បាប់ ឱ្យកើតឡើងក្នុងឧទ្យានអង្គរផងដែរ។

អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ថា រាល់ការដាក់ពាក្យស្នើសុំ ឬអនុញ្ញាតឱ្យមានការជួសជុល ឬសាងសង់សំណង់ទាំងអស់ ក្នុងរមណីយដ្ឋានអង្គរ មិនតម្រូវឱ្យបង់ប្រាក់ទេ៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ

មតិយោបល់