ព័ត៌មានជាតិ

ស្រីស្រស់ ផឹកស្រាស្រវឹង បើកឡានលឿនដូចហោះ បុកបង្គោលភ្លើងបែកភ្នែកមួយចំហៀង

ភ្នំពេញ: នារីរូបស្រស់ម្នាក់ ស្រវឹងស្រាជោគជាំ បើករថយន្តតាមផ្លូវតែម្នាក់ឯងមិនប្រយ័ត្ន បានរ៉េចង្កូតជ្រុល ទៅបុកបង្គោលខ្សែភ្លើង បណ្ដាលឲ្យខូចខាតរថយន្ត ហើយបើកទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទី យប់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៧នេះ ត្រង់ចំនុចខាងត្បូងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ប្រមាណជា១០០មែត្រ ស្ថិតតាមបណ្ដោយផ្លូវណតប្រ៉ីត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរូបស្រស់ឆើតឆាយម្នាក់ បើកបរថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែនពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z-4415 ក្នុងទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹងជោគជាំ មកដល់ចំនុចកើតហេតុ ដោយរថយន្តបើកក្នុងល្បឿនលឿនថែមទៀតផងនោះ ស្រាប់តែរ៉េចង្កូតទៅខាងស្ដាំ ហើយជ្រុលទៅបុកបង្គោលខ្សែភ្លើង បណ្ដាលឲ្យរថយន្តខូចខាត ផ្នែកចំហៀងខាងស្ដាំ និងដាច់កាឡេកង់មុខ បើកទៅមុខលែងរួច។

សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ម្ចាស់រថយន្តបង្កឈ្មោះ ដា លីន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ បានចុះមកធ្វើការវាស់វែង និងអូសរថយន្តខាងលើ យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ រងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់