កំពង់ស្ពឺៈ កាលពីវេលាម៉ោង ១១ និង ៤២នាទី ថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្តទេសចរណ៍ប្រភេទសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2AF-2506 អ្នកបើកបរស្លាប់រថយន្ដ បើកបរពីទិសខាងជើងទៅត្បូង រួចបានរេចង្កូតចូលគន្លងផ្លូវផ្នែកខាងឆ្វេងដៃនៃរថយន្តដឹកទំនិញស៊ីម៉ង់ម៉ាក HINO ពាក់ស្លាកលេខ ភ្នំពេញ 3A-5849 ធ្វើដំណើរពីទិសខាងត្បូងទៅខាងជើងអ្នកបើកបរគេចខ្លួន។
ក្នុងហេតុការណ៍នោះដែរបណ្តាលឲ្យរងរបួសធ្ងន់០៩នាក់ ស្រី០១នាក់ របួសស្រាល១នាក់ ស្លាប់បាត់អាយុជីវិតមនុស្ស៨នាក់ ស្រី៥(អ្នកពោះធំ២នាក់)។
តាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ឯក ឃឹម សុផាន់រ៉ា អធិការស្រុកគងពិសី មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺ បណ្ដាលមកពីអ្នកបើករថយន្ដសាំយ៉ុងធ្វេសប្រហែស បានរេចង្កូតចូលទៅផ្នែកខាងឆ្វេងដៃ ទៅរកគន្លងផ្លូវនៃផ្នែកខាងឆ្វេងរថយន្ដដឹកស៊ីម៉ង់ កំពុងបើកបញ្រ្ចាសទិសគ្នាបណ្តាលឲ្យបុកពេញទំហឹងតែម្ដង។
អ្នករងគ្រោះត្រូវបានកម្លាំងនគរបាលជួយសម្រួលយកចេញពីក្នុងរថយន្ដ បញ្ជូនសង្រ្គោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកគងពិសីមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងទៅរាជធានីភ្នំពេញ។ មកដល់ម៉ោង ២ និង ០០នាទីនា ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នេះក្រុមគ្រួសារសពបានមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរៀងៗខ្លួន៕


មតិយោបល់