ភ្នំពេញៈ កាលពីវេលាម៉ោង ៣ និង ៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានករណីរថយន្តទំនើបមួយគ្រឿងបើកបុកផ្ទះពលរដ្ឋ លើផ្លូវលេខ២២៥ ស្ថិតសង្កាត់ផ្សារដេរប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក រ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-1862 ទិសដៅពីត្បូងទៅជើង រួមដំណើរដោយស្រ្តីម្នាក់ ពេលមកដល់ខាងលើបានងោកមួយភាំង ក៏រេចង្កូតជ្រុលទៅបុកចូលផ្ទះបង្រៀនជួសជុលទូរស័ព្ទ និង ផ្ទះលក់ឥវ៉ាន់ចាប់ហ៊ួយ បណ្ដាលឲ្យខូចខាតទ្វារដែកអស់ជាច្រើនផ្ទាំង រីឯរថយន្តជាប់គាំងទៅមុខលេងរួច សំណាងល្អមិនមានអ្នករងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងរថយន្តបង្កសូមសម្របសម្រួលជាមួយភាគីម្ចាស់ផ្ទះដើម្បីបញ្ចប់រឿង៕
មតិយោបល់