ព័ត៌មានជាតិ

ផឹកស្រវឹងដួលម៉ូតូ ត្រូវរថយន្តមកពីក្រោយបុកនិងកិនស្លាប់ទាំង២នាក់!

សៀមរាបៈ លោកអធិការស្រុកក្រឡាញ់ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូមួយគ្រឿងជិះក្នុងស្ថានភាពស្រវឹងនិងងងុយដេក ក៏បានដួល ស្រាប់ពេលមានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបុកកិន បណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចខាងលិចស្នាក់ការកាកបាទក្រហមស្រុកក្រឡាញ់ ប្រវែង៥០ម៉ែត្រ លើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1U-5058 ស៊េរីឆ្នាំ០១៦ ជិះគ្នា២នាក់ ក្នុងទិសដៅពីលិចទៅកើត អ្នកទី១ឈ្មោះ ហៅ ព្រុំដែន ភេទប្រុស អាយុ២៧ឆ្នាំ និងទី២ឈ្មោះ ធិញ ថា ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិដូនតុក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ បានបើកដួលខ្លួនឯងនៅលើផ្លូវ រួចហើយក៏មានរថយន្តមិនស្គាល់ម៉ាក បើកមកជាន់ថែមបណ្តាលឲ្យស្លាប់ទាំង២នាក់នៅកន្លែងកើតហេតុភ្លាមៗ។

ក្រោយពីកើតហេតុ កម្លាំងចរាចរណ៍បានចុះទៅដល់ធ្វើការសម្រួលចរាចរណ៍ជួយសង្គ្រោះជនរងគ្រោះមកដាក់ឲ្យផុតពីផ្លូវ និងធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់