ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទិត ទី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបរ ទីកន្លែងកំណើតភូមិស្នែង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ឃ្លាំងដាក់ឡាន ផ្លូវបេតុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឲ្យអ្នកដទៃមានរបួស និងស្លាប់ ប្រព្រឹត្តនៅចំណុច ផ្លូវ៦០ម៉ែត្រ ប្រសព្វផ្លូវ៣០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បទល្មើសមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨៣ និងមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
សូមរំលឹកថា កាលពីថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៤និង៣០នាទីរសៀល ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3E-7789 បើកបរដោយឈ្មោះ ទិត ទី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅ ភូមិស្លែង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើកបរក្នុងទិសដៅពីត្បូងទៅជើងបត់ស្តាំ ក៏បានបុកជាមួយម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1D-6970 បើកបរដោយឈ្មោះ សួន សុខហ៊ីម ហៅ ស្មាញ ភេទប្រុស អាយុ ៦៨ឆ្នាំ ស្នាក់នៅភូមិព្រែកហូរ ឃុំព្រែកហូរ ស្រុកតាខ្មៅ ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុ និងអ្នកជិះពីក្រោយម្នាក់ទៀត មិនស្គាល់ឈ្មោះ រងរបួសធ្ងន់ បើកបរទិសដៅស្របគ្នា ៕



មតិយោបល់