ព័ត៌មានជាតិ

ម្ចាស់ងោកមួយភាំង បើករថយន្តលុចស៊ីស ៣៣០ បុកស្លាកសញ្ញាចរាចរណ៍ និងដើមឈើ ផ្អើលទាំងយប់

ភ្នំពេញៈ បុរសម្នាក់ បើករថយន្ត១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ហើយងោកមួយភាំង បានរេចង្កូតបុកស្លាកសញ្ញា និងដើមឈើ បណ្តាលឲ្យរងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខផ្នែកខាងស្តាំ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី ២ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ ៥៥កែងផ្លូវ២១៤ ត្រង់ចំណុចក្រោយខារ៉ាអូខេX2 ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ បានបើករថយន្តបង្ក១គ្រឿង ម៉ាកលុចស៊ីស330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-6037 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវ ៥៥ ។ លុះមកដល់ចំណុចកើតហេតុ ដោយសារតែរថយន្តបង្ក បើកក្នុងលឿនពេក ហើយអ្នកបើកបរងោកមួយភាំង បានរេចង្កូតជ្រុលទៅបុកនឹង ស្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យបាក់ និងបន្តទៅដើមត្របែកព្រៃ ធ្វើឲ្យរថយន្តបង្ក ខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខផ្នែកខាងស្តាំ ទៅមុខលែងរួច។ ភ្លាមៗនោះ ម្ចាស់រថយន្ត បានបើកទ្វារថយន្ត រួចគេចខ្លួនបាត់ បន្សុលទុករថយន្តបង្កនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ រយៈពេលប្រហែល១ម៉ោង ទើបមានសមត្ថកិច្ច ចុះមកដល់ធ្វើការវាសវែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃសង្នការរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់