ព័ត៌មានអន្តរជាតិ

ទឹកជំនន់នៅឥណ្ឌូនេស៊ី សម្លាប់មនុស្សជិត ៣០ នាក់ ខណៈជាច្រើននាក់ទៀត កំពុងបាត់ខ្លួន

ឥណ្ឌូនេស៊ីៈ ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ អំពីតួលេខអ្នកស្លាប់បន្ថែមទៀត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ទីក្រុងចាការតា បង្កឲ្យមានទឹកជំនន់ និងការបាក់ដី សម្លាប់មនុស្សយ៉ាងហោច ២៩ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។

អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយលោក Agus Wibowo បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា មនុស្សជាង ៦២,០០០ នាក់ ត្រូវបានជម្លៀសចេញពីទីក្រុងហ្សាការតា។

តាមរយៈរូបភាពពីទូទាំងតំបន់ ដែលរងគ្រោះ បានបង្ហាញពីផ្ទះ និងរថយន្តជាច្រើន ត្រូវបានគ្របដណ្ដប់ដោយទឹកជំនន់ រួមទាំងភក់ ខណៈដែលពលរដ្ឋមួយចំនួន យកទូកជ័រកៅស៊ូខ្នាតតូច ឬពោងកង់ជិះ ដើម្បីធ្វើដំណើរចាកចេញទៅកាន់ទីសុវត្ថិភាព៕

មតិយោបល់