ភ្នំពេញៈ មន្រ្តីជំនាញនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អះអាងថា ករណីបង្រ្កាបបទល្មើសគ្រឿងញៀនក្នុងរយៈពេល៦ខែ ឆ្នាំ២០១៦ មានការកើនឡើងប្រមាណជា២០ភាគរយ ប៉ុន្តែចំនួនគ្រឿងញៀនដែលសមត្ថកិច្ចបង្រ្កាបបានមានថយចុះ បើធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥កន្លងទៅ។
លោក មាស វិរិទ្ធ បានលើកឡើងដូចនេះនៅក្នុងពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តកម្ពុជា និងការចែករំលែកបទពិសោធន៍ពីប្រទេសថៃ ពាក់ព័ន្ធនឹងការរឹបអូសទ្រពសម្បត្តិពីបទល្មើសគ្រឿងញៀន ដែលនិងធ្វើរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅភោជណីយដ្ឋានទន្លេបាសាក់២ក្នុងរាជធានីភ្នំពេញថា ដោយសារបញ្ហាគ្រឿងញៀននៅលើពិភពលោកមានការកើនឡើង ទាំងការផលិត ការចរាចរ និងការជួញដូគ្រឿងញៀន ពោលគឺទីផ្សារគ្រឿងញៀនមានការរីករាលដាលពាលពេញពិភពលោក ហើយកម្ពុជាក៏ទទួលរងនូវឥទ្ធិពលនៃការរីករាលដាលនេះដែរ ពិសេស ពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងញៀន។
លោកបន្តថា ការផលិតគ្រឿងញៀននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមត្ថកិច្ចបានអនុវត្តច្បាប់ធ្វើការបង្រ្កាបបញ្ហានេះបានទាំងស្រុង ប៉ុន្តែការប្រើប្រាស់នៅតែកើតមានជាហូរហែ ខណៈមន្រ្តីអនុវត្តច្បាប់មានចំនួននិងចំណេះដឹងនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការបង្កើនចំនួនមន្រ្តីជំនាញបង្រ្កាបបទល្មើស និងបំប៉នចំណេះដឹងបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តច្បាប់។
លោកអះអាង ហេតុផលដែលនាំឱ្យមានការកើនឡើង នៃការប្រើប្រាស់គ្រឿងញៀននៅកម្ពុជាមានដូចជា ការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនមិនបានជ្រាបចូលជ្រៅដល់ក្រុមគោលដៅដែលងាយរងគ្រោះ ការធ្វើចំណាកស្រុកផ្សេងៗរបស់បុគ្គលមួយចំនួន ដែលពួកគេមិនបានយល់ដឹងអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់រហូតឈានទៅបង្កើនជាក្រុមប្រើប្រាស់គ្រឿងញៀន ការគ្រប់គ្រងនៅក្នុងមូលដ្ឋាន ដូចជា នៅក្នុងតំបន់ដែលមិនរៀបរយជាកន្លែងបង្ករលក្ខណៈអំណោយផលដល់ក្រុមជួញដូរប្រមូលផ្តុំក្នុងការប្រើប្រាស់គ្រឿងញៀន ពិសេសការីកចម្រើនផ្នែកសេដ្ឋកិច្ចវាអាចជាហេតុផលទាក់ទងដល់ការប្រើប្រាស់ផងដែរ ការបើកទីផ្សារទូលាយ មានការចេញចូលជនបរទេសក្នុងនោះមានជនបរទេសមួយចំនួនក៏មានការប្រើប្រាស់គ្រឿងញៀន និងនាំនូវទម្លាប់បែបបទ វិធីសាស្រ្តនៃការប្រើប្រាស់មកចែករំលែកដល់កម្ពុជា ទាំងនេះ ជាបទពិសោធន៍ដែលបណ្តាប្រទេសមួយចំនួនបានឆ្លងកាត់គ្រឿងញៀនមុនយើង។
លោក មាស វិរិទ្ធ បញ្ជាក់ថា ដោយឡែកការងាររឹបអូសទ្រព្យជារឿងសំខាន់សំដៅជីកឲ្យដល់ឬសគល់ និងប្រមូលរាល់ធនធានទាំងឡាយរបស់ក្រុមឧក្រិដ្ឋជនដែលទទួលបានផលចំណេញពីការធ្វើសកម្មភាពចរាចរជួញដូរគ្រឿងញៀនរបស់គេ ហើយត្រូវការទ្រព្យទាំងនោះមកជួយដល់ការលើកកម្ពស់មន្រ្តីជំនាញជួយធ្វើសកម្មភាពប្រយុទ្ធប្រឆាំង និងជួយដល់ការងារផ្សេងៗទៀតសង្រ្គោះអ្នកញៀនពីសកម្មភាពពួកឧក្រិដ្ឋជនទាំងនោះ និងជាគោលដៅកុំឱ្យក្រុមឧក្រិដ្ឋជនទាំងនោះមានផលទុនចេញមកវិញធ្វើសកម្មភាពតទៅទៀត។
សូមបញ្ជាក់ថា លទ្ធផលនៃការបង្រ្កាបក្នុងឆ្នាំ២០១៥ មានការកើនឡើងបើធៀបនិងឆ្នាំ២០១៤ ហើយចំនួនករណីបង្រ្កាបក្នុង៦ខែឆ្នាំ២០១៦មាន២១៥៨ករណី មានការកើនឡើង២០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥៕
មតិយោបល់