ព័ត៌មានជាតិ

យុវជន២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង ៣ និង ៣០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីលួច ត្រង់ចំណុចផ្ទះលេខ៧១ ផ្លូវលេខ១៥ ស្ថិតភូមិ៥
សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ ប្រាក់ វេហា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
២/ឈ្មោះ ងួន ម៉ានុត ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ។

វត្ថុតាងដកហូតបាន៖ ម៉ូតូចំនួន០១គ្រឿងម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HY-4528 ជារបស់ជនសង្ស័យ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះជាជនបរទេស ស្បែកខ្មៅ អាយុប្រហែល៣៥ឆ្នាំ បានដើរកាន់ទូរសព្ទ័ដៃ តាមបណ្តោយផ្លូវលេខ១៥ ទិសដៅពីត្បូងទៅជើង ពេលដើរមកដល់ចំណុចខាងលើ ស្រាប់តែជនសង្ស័យជិះម៉ូតូមកអែបខាងស្តាំដៃជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ងួន ម៉ានុតដែលអង្គុយខាងក្រោយធ្វើសកម្មភាពឆក់យកទូរសព្ទដៃពីជន រងគ្រោះតែពុំបានសម្រេច ដោយជនរងគ្រោះដឹងខ្លួនទាន់ហើយទាញយកទូរសព្ទ័មកវិញព្រមទាំងស្រែកឆោឡោ ក៏ត្រូវកម្លាំងឈរជើងពួនស្ទាក់តាមគោលដៅរបស់ប៉ុស្តិ៍ និងកម្លាំងល្បាតបង្ការទប់ស្កាត់បទល្មើសរបស់ខណ្ឌបានអន្តរាគមន៍ដេញតាមពីក្រោយឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ រួមទាំងវត្ថុតាងទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីធ្វើការសាកសួរ ។ចំណែកជនរងគ្រោះបន្ទាប់ពីដណ្តើមបានទូរស័ព្ទហើយ ក៏ដើរចេញទៅបាត់ដោយពុំបានដាក់ពាក្យបណ្តឹងទេ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចធ្វើការសួរនាំ ស្វែងរកបក្ខពួកដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់