កំពង់ចាមៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងម៉ូតូនឹងរថយន្ត បណ្តាលឲ្យមនុស្សស្រីប្រុស៣នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៧០ ដែលសិ្ថតនៅក្នុងភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក FRONTIER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AP-5827 បើកបរបញ្ច្រាសទិសគ្នាជាមួយម៉ូតូជនរងគ្រោះ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1Q-0742 ជិះគ្នា៣នាក់ហើយបានបើកប្រជែងរថយន្ត១គ្រឿងទៀតនិងជ្រុលទៅបុកពីមុខយ៉ាងពេញទំហឹងជាមួយរថយន្តម៉ាក FRONTIERដឹកទំនិញ បណ្តាលឲ្យមនុស្សស្រីប្រុស៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១មានឈ្មោះ ឆាយ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅនៅភូមិបន្ទាយរឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ បានដឹកគ្នា២នាក់ពីក្រោយ ដោយទី២ឈ្មោះ សុខ ហ៊ាង ភេទស្រី អាយុ៦០ឆ្នាំ ជាមួយគ្នាចៅប្រុសឈ្មោះ សុខ លាប អាយុ១០ឆ្នាំ ដែលមានទីលំនៅនៅភូមិទួលតាកោ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ចំណែកឯតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោលបន្សុលទុករថយន្តចោលនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តនិងម៉ូតូមករក្សានៅអធិការស្រុកព្រៃឈរ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី។ ចំណែកសពជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕






មតិយោបល់