កំពតៈ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានរថភ្លើងកិនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងចំណុចភូមិអណ្តូងខ្មែរ (ហៅភូមិខ្នាចរុន) សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ប្រជាពលរដ្ឋដើរទៅចំការ បានប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់លើផ្លូវរថភ្លើង នៅចំណុចភូមិខាងលើ ក៏បានទូរស័ព្ទរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អណ្តូងខ្មែរ ចុះទៅពិនិត្យកន្លែងកើតហេតុភ្លាមៗ ធ្វើកោសល្យវិច័យសាកសព។
លោក ងឹម វ៉េត អធិការនគរបាលក្រុងកំពតបានឲ្យដឹងថា បុរសដែលរថភ្លើងកិនស្លាប់នេះ ពុំមានអ្នកស្រុក នៅក្បែរកន្លែងកើតហេតុស្គាល់អត្តសញ្ញាណនោះទេ សាកសពមានភិនភាគសម្បុរទង់ដែង កំពស់១ម៉ែត្រ៥០ជាង ស្លៀកខោខូប៊យជើងវែង ពាក់អាវក្រណាត់យឺតដៃវែង ពណ៌ទឹកប៊ិច សក់រួញ ពាក់ស្បែកជើងផ្ទាត់ពណ៌លឿង អាយុប្រហែល២៦-២៧ឆ្នាំ។
លោក បន្តទៀតថា ជនរងគ្រោះអាចស្រវឹងស្រា ហើយដេកលើផ្លូវ រថភ្លើងដែលកិនមានទិសដៅ ពីភ្នំពេញទៅខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុ ចន្លោះម៉ោង៥ជាងទៀបភ្លឺ ការសន្និដ្ឋាននេះ ដោយឃើញសាកសពនៅមានឈាមហូរស្រស់ៗ។
ក្រោយពីពិនិត្យធ្វើកោសល្យវិច័យរួច ដោយសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារមិនឃើញ ហើយសាកសពមិនអាចទុកយូរបាន ត្រូវបានរៀបធ្វើពិធីនិមន្តព្រះសង្ឃ និងលោកអាចារ្យចាត់ចែងបូជានៅវត្តពិជ័យឧត្តុង៕
មតិយោបល់