ភ្នំពេញៈ មកទល់ពេលនេះមានការលេចឡើងកាន់តែខ្លាំងថា ស្វាមីរបស់អ្នកនាង ពេជ្រ ច័ន្ទបូរមី មានទំនាក់ទំនងនិងតារាសម្ដែងស្រីម្នាក់ ដោយត្រូវគេល្បីថា លោក និងនារីវ័យក្មេងម្នាក់នោះ ទំនងជាត្រូវរ៉ូវគ្នាក្នុងនាមជាស្វាមីភរិយាមិនពេញមុខនោះផង។
យ៉ាងណាក៏ដោយប្រភពដែលបន្តសាយភាយដដែលបានព្រលយថា អ្នកនាងពេជ្រ ច័ន្ទបូរមី មិនហ៊ានអុកឡុករឿងស្វាមីជាមួយតារាស្រីម្នាក់នោះទេ ដើម្បីកុំឲ្យមានវាសនាដូចអ្នកនាង ចាន់ តារាទី កាលពីអតីតកាល។
ប្រភពដែលបានបន្តនិយាយមិនផ្លូវការចេញពីស្ថាប័នប៉ូលិសអន្តោប្រវេសន៍បានអះអាងថា ស្វាមីអ្នកនាង ពេជ្រ ច័ន្ទបូរមី ដែលជាមន្ត្រីមួយរូបនៅក្នុងស្ថាប័ននោះ កាន់តែធ្លាយដំណឹងល្អូកល្អិនជាមួយតារាស្រីវ័យក្មេងម្នាក់កាន់តែច្បាស់ជាងមុន បន្ទាប់ពីមានការកត់សម្គាល់ថា តារាស្រីម្នាក់នោះ កាន់តែហ៊ឺហារជាងមុន និងកំពុងដើររកទិញផ្ទះមួយជង់នោះផង ក្រោមព័ត៌មានល្បីថា ស្វាមីរបស់អ្នកនាង ពេជ្រ ច័ន្ទបូរមី ជាអ្នកជ្រោមជ្រែង។ ដំណឹងនេះត្រូវបានអ្នកនាង ពេជ្រ ច័ន្ទបូរមី ដឹងច្បាស់ដូចថ្ងៃ ដោយអ្នកនាងបានខលមកជជែកពីបញ្ហាផ្ទាល់ខ្លួននេះ ជាមួយមិត្តភក្តិចាស់ៗនៅក្នុងសិល្បៈ ដើម្បីឲ្យជួយផ្ដល់យោបល់នោះផង។
ប្រភពដែលបានទម្លាយចេញបានអះអាងថា អ្នកនាងបានត្រឹមតែទម្លាយពីរឿងស្វាមីទាក់ទងតារាស្រីម្នាក់នោះ ដោយបេះមិនដាច់ប៉ុណ្ណោះ ប៉ុន្តែអ្នកនាងមិនហ៊ានចេញមុខរករឿង ឬបណ្ដោយឲ្យចុះព័ត៌មានផ្លូវការណាមួយ ដើម្បីទប់ស្កាត់សេ្នហាក្រៅផ្ទះរបស់ស្វាមីនោះទេ ដោយសារតែខ្លាចស្វាមីជ្រើសយកតារាស្រីចុងក្រោយ ហើយបោះបង់នាងដូចគ្នានឹងពេល ដែលស្វាមីរបស់អ្នកនាងជ្រើសយកអ្នកនាង ហើយព្រលែងដៃភរិយាដើម គឺអ្នកនាង ចាន់ តារាទី ដូចមុន។ ម្យ៉ាងដោយសារតែស្វាមីទើបនឹងបានឡើងឋានៈ និងទើបទិញវីឡាឲ្យមួយតម្លៃច្រើនសែនដុល្លារនៅបុរីប៉េងហួតច្បារអំពៅផង ទើបរឹតតែមិនហ៊ានចម្រូងចម្រាស់ដោយសុខចិត្តបណ្ដោយឲ្យស្វាមីបន្តដំណើរជាមួយនារីតារាសិល្បៈនោះរលូនទៅៗ។
ប្រភពជាច្រើនបានអះអាងថា រវាងស្វាមីរបស់អ្នកនាង ពេជ្រ ច័ន្ទបូរមី និងតារាស្រីម្នាក់ទំនងជាអាចពាក់ព័ន្ធគ្នានាមជានារីកំណាន់ចិត្ត មិនមែនបែបលេងសើច ទើបធ្វើឲ្យអ្នកនាង ពេជ្រ ច័ន្ទបូរមី គេងមិនលក់បក់មិនល្ហើយ ទើបជាញយៗមានការព្រលយថា អ្នកនាងរមែងទាក់ទងមកពិភាក្សាជាមួយមិត្តភក្តិ និងរៀមច្បងក្នុងសិល្បៈ ដើម្បីឲ្យជួយផ្ដល់គំនិត។
យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងបញ្ហានេះ Postnews មិនទាន់អាចយកជាការអ្វីដែលមានការព្រលយចេញខាងលើបានទេ ក្នុងពេលដែលអ្នកនាង ពេជ្រ ច័ន្ទបូរមី នៅតែប្រកាសតាមរយៈអ្នកស្គាល់អ្នកនាងថា មិនផ្ដល់សម្ភាសន៍ពាក់ព័ន្ធនឹងរឿងឯកជនដល់ក្រុមអ្នកកាសែត និងបដិសេធមិនឲ្យតារាសិល្បៈ ផ្ដល់លេខទូរស័ព្ទរបស់អ្នកនាងឲ្យទៅអ្នកកាសែតបែបនេះ៕
មតិយោបល់