បន្ទាយមានជ័យៈ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ លឹម ស្រីវណ្ណថា ភេទស្រី អាយុ ៣២ឆ្នាំ ពីករណីហិង្សា ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ូ សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវជាប្ដីជនរងគ្រោះ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ នៅចំណុចម្ដុំផ្សាររាត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយបញ្ជូនមកបញ្ជាការមូលដ្ឋានក្រុងដើម្បីសាកសួរ និងកសាងសំណុំឯកសារ បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ចាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានអោយដឹងថា យោងតាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ថាខ្លួនពិតជាបានប្រើហិង្សាទៅលើប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យរងរបួសជាញឹកញាប់ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសប្រឆាំងការជួញដូរមនុស្ស កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់