ព័ត៌មានជាតិ

ស្ងាត់ៗកម្លាំងអាវុធហត្ថឃាត់ខ្លួនស្ត្រីជនជាតិអ៊ីស្លាម ២នាក់ ដកហូតថ្នាំញៀនជិត ៨០កញ្ចប់

ភ្នំពេញៈ ថ្នាំញៀនចំនួន ៧៧កញ្ចប់តូចៗ ក្នុងនោះមាន ១កញ្ចប់ធំ ត្រូវដកហូតបានពីស្ត្រីជាជនសង្ស័យ ២នាក់ នៅក្នុងប្រតិបត្តិការស្រាវជ្រាវបង្ក្រាប ដោយកម្លាំងកងរាជអាវុធហត្ថខណ្ឌប្ញស្សីកែវ សហការជាមួយការិយាល័យកងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះឲ្យដឹងថា ប្រតិបត្តិការតាមបង្ក្រាប ឈានដល់ការរកឃើញថ្នាំញៀន ចំនួន ៧៧កញ្ចប់ ពីស្ត្រីជាជនសង្ស័យទាំង ២នាក់ បានអនុវត្តឡើង ២គោលដៅផ្សេងៗគ្នា និងទល់មុខគ្នា ស្ថិតតាមជួរមាត់ទន្លេ ត្រង់ចំណុចផ្ទះលេខ (២៥៩៣,២៥៨៧) ក្រុម៤ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ តាំងពីរសៀល រហូតដល់ល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។

លោកវរសេនីយ៍ត្រី កាន់ សុខ បញ្ជាក់ថា ដោយមានកិច្ចសហការល្អ ក្នុងការស្រាវជ្រាវ ពីកម្លាំងរបស់លោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យកងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបជុំហ៊ានដំបូង គឺឆែកឆេរផ្ទះជនសង្ស័យឈ្មោះ ហ៊ីម ម៉ៃសុំ ភេទស្រី អាយុ ៦៣ឆ្នាំ ជនជាតិឥស្លាម បានរកឃើញថ្នាំញៀន ចំនួន ៥៥កញ្ចប់ (ធំ១កញ្ចប់, តូច៥៤កញ្ចប់) ក្រៅពីរកឃើញ កំប៉ុងសម្រាប់ទុកគ្រឿងញៀនចំនួន ២កំប៉ុង ទូរសព្ទដៃ ១គ្រឿង និងដាវចំនួន១។

លោកវរសេនីយ៍ត្រី មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌឬស្សីកែវ បញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនស្ត្រីឈ្មោះ ហ៊ីម ម៉ៃសុំ ដកហូតថ្នាំញៀន ៥៥កញ្ចប់ កម្លាំងសមត្ថកិច្ចមានតម្រុយខ្លះៗ និងឈានទៅបន្តឆែកឆេរផ្ទះមួយទៀតនៅទល់មុខគ្នា រកឃើញថ្នាំញៀន ចំនួន ២២កញ្ចប់បន្ថែមទៀត សរុប ៧៧កញ្ចប់តូចៗ ក្នុងនោះមាន១កញ្ចប់ធំ ហើយឃាត់ខ្លួនស្ត្រីម្នាក់ទៀតឈ្មោះ លី ម៉ា អាយុ ២៥ឆ្នាំ ជនជាតិឥស្លាមដូចគ្នា ក្រៅពីរកឃើញ ដបសម្រាប់ជក់គ្រឿងញៀនចំនួន១ ទូរសព្ទ័ដៃចំនួន ២គ្រឿង និងដែកកេះចំនួន២។

ទោះបីយ៉ាងណា ក្រោយប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ជនសង្ស័យជាស្ត្រីទាំង ២នាក់ និងវត្ថុតាងពាក់ព័ន្ធសកម្មភាពគ្រឿងញៀន បាននិងកំពុងស្ថិតក្រោមការសួរនាំ និងបន្តស៊ើបអង្កេត ពីកម្លាំងកងរាជអាវុធហត្ថខណ្ឌឬស្សីកែវ សហការជាមួយការិយាល័យកងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់