ភ្នំពេញៈ ជនសង្ស័យចំនួន ២នាក់ បានជិះម៉ូតូ១គ្រឿង ស៊េរីឆ្នាំ២០២០ មកធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ជាងសំណង់ ដែលចតទុកខាងក្រោមផ្ទះ តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋឃើញទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅខាងជើងផ្សារឯករាជ្យ២ ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ឈិត ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅកន្លែងកើតហេតុ។ ជនសង្ស័យទី១ ឈ្មោះឌី ថា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរត់ឌុប ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិរុង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តកែវ និងទី២ឈ្មោះ តាំ អុយ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅម្តុំផ្សារសែនមនោរម្យ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីម សង់ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GD-1933 មកពីធ្វើការហើយ បានចតម៉ូតូទុកខាងក្រោមផ្ទះ ដោយចាក់សោ.ក និងសោជន្ទល់ត្រឹមត្រូវ រួចឡើងទៅផ្ទះជាន់ទី២បាត់។
លុះរហូតមកដល់វេលាកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HV-8934 មកធ្វើសកម្មភាពកាច់សោ.ក និងឆ្កឹះសោជន្ទល់។
ភ្លាមៗនោះ ក៏ត្រូវបានប្រជាពលរដ្ឋឃើញ បានចាប់វាយម្នាក់មួយដៃមួយជើង ទើប ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ យកកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕
មតិយោបល់