ព័ត៌មានជាតិ

នាំទ័យទៀនព្រះវស្សាជូនដល់វត្តទាំង៧ ក្នុងខណ្ឌដូនពេញ

ភ្នំពេញៈ លោក ហង់ ជួនណារ៉ុន ប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ លោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌដូនពេញ រួមនិងមន្រ្តីក្រុមការងារជាច្រើនទៀត បាននាំយកទៀនវស្សា គ្រឿងឧបភោគ បរិភោគ សំភារៈ បរិក្ខារ និង បច្ច័យមួយចំនួនដែលជាអំណោយរបស់ ក្រុមការងារ​ និងអំណោយ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ទៅប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តចំនួន៧ ក្នុងខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដានេះ ដែលក្នុង១វត្តៗទទួលបាន ទទួលបាន ទៀនព្រះវស្សា០១គូរ សាដក០១កញ្ចប់ ប្រេងម៉ាស៊ូត៣០លីត្រ ស្ករស១បាវ ទឹកដោះគោ១កេស ទឹកក្រូច៤កេស ទឹកសុទ្ធ៤កេស មី៤កេស និងបច្ច័យ២២លាន១សែន១ម៉ឺនរៀល និង ២១០ដុល្លារអាមេរិក។

​​លោកគួច ចំរើន បានមានប្រសាសន៍ថា តាមប្រពៃណីព្រះពុទ្ធសាសនានៅក្នុងពិធី បុណ្យចូលព្រះវស្សា ពុទ្ធបរិស័ទតែងតែនាំយកទៀនវស្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈ បរិក្ខារជាច្រើន ទៀតទៅប្រគេនព្រះសង្ឃ នៅតាមបណ្តាលវត្តនានា ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃ ព្រោះនេះជារដូវវស្សាដែលជា រដូវមួយសំបូរទឹកភ្លៀង ដែលព្រះសង្ឃមានការលំបាកនិមន្តបិណ្ឌបាត្រ និងម៉្យាងទៀតរដូវនេះ ក៏ជាពេលវេលាមួយដែលព្រះសង្ឃគង់នៅក្នុងវត្ត ដើម្បីសិក្សារៀនសូត្រធម៌អាថ៌។

​លោកបានបន្តទៀតថា​ នៅក្នុងរដូវចូលវស្សា លោក​បណ្ឌិត ហង់ ជួនណារ៉ុន រូបលោក និងក្រុមគ្រួសារ រួមនឹងមន្រ្តីក្នុងសាលាខណ្ឌ តែងតែបាន នាំយកនៅទៀនវស្សាគ្រឿង ឧបភោគ បរិភោគ និងគ្រឿងសម្ភារៈ បរិក្ខារមួយចំនួន ទៅប្រគេនតាមបណ្តាលវត្តនានា នៅក្នុងខណ្ឌមិនដែលខកខានឡើយ ដើម្បីរួមចំណែក សម្រាលការខ្វះខាតរបស់ព្រះសង្ឃក្នុងវត្ត។

​សម្តេចព្រះសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ​ក្នុងព្រះនាមព្រះសង្ឃ គណៈកម្មាធិការវត្ត និងពុទ្ធិបរិស័ទ ចំនុះជើងវត្តទាំង៧ មានបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្រ្តីក្រុមការងារចុះជួយខណ្ឌ លោកអភិបាលខណ្ឌ និងមន្តី្រសាលាខណ្ឌ ដែលបាននាំយកអំណោយ មកផ្គត់ផ្គង់ដល់ព្រះសង្ឃនាពេលនេះ។ នេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ ព្រះសង្ឃ សម្រាប់គង់ស្នាក់នៅ និងសិក្សារៀនសូត្រធម៌អាថ៌ ក្នុងរដូវចូលព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមា តាមពុទ្ធានុញ្ញាតិ៕

មតិយោបល់