ភ្នំពេញៈ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចជិតភ្លើងស្តុបតាមមហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទំនាស់គ្នាមួយបានកើតឡើងរវាងបុរសម្នាក់ ដែលសង្ស័យថា ជាអ្នករត់ម៉ូតូឌុបដែលជិះម៉ូតូជ្រែចុះជ្រែឡើង តែត្រូវរថយន្តបុក រហូតដល់អ្នកបើករថយន្តខឹងបានស្ដីឲ្យក៏ត្រូវអ្នកជិះម៉ូតូដេញតាមយកដុំថ្មគប់ បណ្ដាលឲ្យបែកកញ្ចក់ត្រូវស្រ្តីម្នាក់ដែលជាភ្ញៀវធ្វើដំណើរតាមរថយន្តតាក់ ស៊ី ១គ្រឿងបានរងរបួសបែកក្បាលយ៉ាងដំណំរួចគេចខ្លួនបាត់ស្រមោល។
ជនសង្ស័យមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេជិះម៉ូតូម៉ាក សេ១០០កូរ៉េ មិនចាំស្លាកលេខ ១គ្រឿង ដែលសង្ស័យថា ជាអ្នករត់ម៉ូតូឌុប និងបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ស្រ្តីរងគ្រោះក៏មិនត្រូវបានស្គាល់អត្តសញ្ញាណនោះដែរបានរងរបួសបែកក្បលយ៉ាងដំណំ និងត្រូវបានម៉ូតូកង់បីដឹកយកទៅសង្រ្គោះបន្ទាន់។
គាត់ជិះរថយន្តតាក់ស៊ី ១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2I-1044 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ជាអ្នករត់តាក់ស៊ី ហើយត្រូវជនសង្ស័យគប់បែកកញ្ចក់ចំហៀងខាងឆ្វេង។
តាមប្រភពព័ត៌មានបាននិយាយថា នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះបានជិះរថយន្តតាក់ស៊ីនោះ ធ្វើដំណើរចេញពីខេត្តព្រះសីហនុឆ្ពោះមកភ្នំពេញ លុះពេលជិតដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូក្នុងល្បឿនលឿនជ្រែពីមុខរថយន្តខណៈឃើញការជិះព្រហើនមិនខ្លាចស្លាប់បែបនេះ ទើបបុរសអ្នកបើកបររថយន្តតាក់ស៊ីស្រែកស្ដីឲ្យថា«ម៉េចបានជិះម៉ូតូអត់មើលឡានអញ្ចឹង ?» ភ្លាមៗនោះក៏មានការទាក់ពាក្យសម្ដីគ្នាកើតឡើង។ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូដេញតាមពីក្រោយ រួចយកដុំថ្មគប់ទៅលើរថយន្ត បណ្ដាលឲ្យបែកកញ្ចក់ខាងឆ្វេងបាំងខាងក្រោយចូលក្នុងរថយន្តត្រូវក្បាលស្រ្តីរងគ្រោះរងរបួស ហើយជននោះបានជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាពតែម្ដង៕
មតិយោបល់