ព័ត៌មានជាតិ

ពលរដ្ឋមួយភូមិប្រត្តិកម្ម ពលរដ្ឋគ្រួសាមួយ បានរំលោភយកដីផ្លូវសាធារណៈ មកធ្វើជាកម្មសិទ្ធិ

ព្រៃវែងៈ ប្រជាពលរដ្ឋចំនួន១២១៦គ្រួសារ រស់នៅក្នុងភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បានប្រត្តិកម្មទៅលើលោក ស្រឺ និងប្រពន្ធឈ្មោះ ខេង ខណៈដំណោះស្រាយពីអាជ្ញាធរស្រុកមិនមានប្រសិទ្ធភាពសោះ ហើយមិនចំគោលដៅរបស់ពួកគាត់ចង់បាន។

ពួកគាត់បានមកប្រមូលគ្នាសម្ដែងនូវការមិនពេញចិត្តកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ខណៈបុគ្គលមួយគ្រួសារដែលមានប្ដីឈ្មោះ ស្រឺ ប្រពន្ធឈ្មោះ ខេង ដែលអតីតជាអ្នកភូមិនេះដែរ តែសព្វថ្ងៃ បានទៅរស់នៅកំពង់សោម ហើយបានជួលកម្មករមកដាំបង្គោល រំលោភយកដីផ្លូវសាធារណៈ នៅចំណុចជាប់ផ្លូវកៅស៊ូឈាងខាងជើង ដែលផ្លូវនេះភ្ជាប់ពីថ្នល់កៅស៊ូទៅផ្ទះពលរដ្ឋនៅជួរខាងក្រោយរហូតដល់វាលស្រែខាងជើងភូមិ។

ផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋធ្វើដំណើរដឹកផលដំណាំផ្សេងៗ និងជាផ្លូវចេញចូលសម្រាប់អ្នកមានផ្ទះនៅជួរខាងក្រោយផងដែរ។ ពួកគាត់បានលើកឡើងថា លោក ស្រឺ និងអ្នកស្រី ខេង នោះបានជួលកម្មករឲ្យមកដាំបង្គោលរំលោភយកដីផ្លូវនេះជាច្រើនដងហើយ ខណៈផ្លូវនេះជាអំណោយម្ចាស់ដីនៅខាងលិចគេឲ្យដីនេះមកធ្វើផ្លូវ ចំណែកលោក ស្រឺ និងប្រពន្ធ មិនបានឲ្យដី ហើយថែមទាំងមករំលោភយកដីផ្លូវថែមទៀត។

ពួកគាត់មកតវ៉ានេះ គឺដើម្បីសូមឲ្យលោកអភិបាលស្រុកធ្វើការដោះស្រាយឲ្យបានឆាប់ ជាជាងទុករឿងអាចក្លាយជាដំបៅមហារីក ហើយអាច និងកើតហិង្សា នៅថ្ងៃណាមួយមិនខាន។ ពួកគាត់សូមឲ្យមន្ត្រីជំនាញស្រុក កំណត់គោលដៅឲ្យបានច្បាស់លាស់កុំឲ្យលោក ស្រឺ នោះមកដាំបង្គោលយកដីតាមទំនើងចិត្តបែបនេះ ដោយមិនខ្លាចអ្វីទាំងអស់ ខណៈពលរដ្ឋបានតវ៉ាចំនួន៣លើកហើយនោះ តែបុគ្គលនេះនៅតែព្យាយាមដាំបង្គោលលើដីនោះជាច្រើនលើកច្រើនសារ ជួនកាលលួចដាំស្ងាត់ៗក៏មានដែរ តែអ្វីដែលពលរដ្ឋខកចិត្តនោះ គឺអាជ្ញាធរស្រុកទទួលព័ត៌មានពីពលរដ្ឋមិនច្បាស់ បែរជាវាស់ដីពីលិចមកកើតវិញ គឺខុសគោលដៅដែលបានកំណត់ពីមុនមក ហើយការវាស់នោះ ក៏ស្ងាត់ទៅវិញ អ្នករំលោភចេះតែរំលោភយក ពលរដ្ឋចេះតែតវ៉ារហូត។

លោក សឹម អ៊ុន អតីតមេភូមិកញ្ចំ បានអះអាងថា ដីផ្លូវនេះមានទទឹង៤ម៉ែត្រគិតត្រឹមពីព្រំដីលោក ស្រឺ នោះមកលិច តែដោយអែបព្រំដីនោះមានគល់ត្នោតច្រើនពេក ទើបផ្លូវនេះធ្វើវាងខិតមកខាងលិចខាងអ្នកឲ្យដី បណ្ដាលឲ្យផ្លូវនោះធំលើសពី៤ម៉ែត្រ ឃើញដូច្នេះលោក ស្រឺ នោះ បានមកដាំបង្គោលថ្ម រំកិលយកដីនោះតាមតែចិត្ត ឯម្ចាស់ដីដែលឲ្យផ្លូវនេះបានស្លាប់បាត់ហើយ។ ប៉ុន្តែមានកូនស្រីពោះម៉ាយម្នាក់ នៅរស់សព្វថ្ងៃឈ្មោះ យ៉ង់ ធី អាយុ៦១ឆ្នាំ ដែលមានផ្ទះជាប់នេះហើយតាំងពីពេលនោះមកផ្លូវនេះ គឺទុកជាសម្បត្តិសាធារណៈរហូតទល់សព្វថ្ងៃនេះ។

លោក សួន ឡន ជំនួយការភូមិបានអះអាងដែរថា ឈ្មោះ ស្រឺ និងប្រពន្ធនេះពិតជាបានដាំបង្គោលចូលដីផ្លូវមែនខាងក្រោយ និងកណ្ដាលចូលប្រហែល១ម៉ែត្រ ខាងមុខចូលជិត៣ម៉ែត្រ គាត់បានឃាត់ដែរតែគេនៅតែធ្វើ។

លោក អ៊ិត ស៊ីម មេឃុំកញ្ចំ បានឲ្យដឹងថា រឿងនេះបានដោះស្រាយដល់ស្រុករួចហើយ តែលោក ស្រឺ នោះនៅតែដាំបង្គោលចូលដដែលពិបាកនិយាយណាស់។ ដោយឡែកលោក ហេង ផលាង មន្ត្រីសូរិយោដីស្រុកពារាំង ថា មិនបានដឹងទេរឿងដីនេះទេ ចំណែក លោក ហ៊ី ធួក អភិបាលស្រុកមិនអាចសុំការបំភ្លឺបានទេ ជុំវិញទំនាស់ខាងលើ ដោយលោកថា រវល់ប្រជុំនៅវៀតណាម៕

https://youtu.be/pqjTaEqBAgE

Untitled-1

មតិយោបល់