ព័ត៌មានជាតិ

Updated៖ ជាងផ្សាដែកម្នាក់ធ្លាក់ស្លាប់យ៉ាងអាណោចអធ័ម ខណៈលើកដែកប៉ះនឹងខ្សែកាបភ្លើង

កណ្ដាល: នៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មានករណីបុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យធ្លាក់ស្លាប់ខណ:ពេលកំពុងផ្សាសំយ៉ាបផ្ទះ ស្ថិតផ្លូវ២១បេ ភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ជឿន ពេញ ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក ស្រុកកំណើត ភូមិក្តីឈ្វិត ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

វត្ថុតាងដកហូត៖ គ្មាន។

សភាពរឿងហេតុ៖ តាមការបំភ្លឺឈ្មោះ ផន ម៉ាប់ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ ជាងផ្សារដែកដែលធ្វើការជាមួយបានឲ្យដឹងថា៖ នៅថ្ងៃទី១០ ​ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧ព្រឹក បានមកធ្វើសំយាបផ្ទះឲ្យឈ្មោះ ឡេង ហ៊ី ដោយជនរងគ្រោះជាអ្នកហុចដែកលើដំបូល ដើម្បីផ្សាធ្វើយាប ។ លុះវេលាម៉ោង ៨ និង៣០នាទី ជនរងគ្រោះដែលកំពុងផ្សាដែកនៅលើដំបូលដូចគ្នា បានលើកដែកហុចឲ្យឈ្មោះ ផន ម៉ាប់ ប៉ុន្តែបានទៅប៉ះនឹងខ្សែកាបភ្លើង បណ្តាលឲ្យឆក់ធ្លាក់ពីលើមកក្រោម បែកក្បាលផុងលលាដ៍ក្បាល ហូរឈាម ដាច់ខ្យល់ស្លាប់តែម្តង បន្ទាប់មកបានស្រែកហៅអ្នកជិតខាងជួយ និងបានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ ។

សមាសភាពចូលរួមពិនិត្យ៖
-ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថា សាកសពមានស្នាម ក្បាលផុងលលាដ៍លក្ខណ:ធ្ងន់ ។

ការសន្និដ្ឋាន៖
– តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយ ឆក់ចរន្តអគ្គិសនី (ធ្លាក់បណ្តាលឲ្យស្លាប់) ។
– សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី ៕

មតិយោបល់