ព័ត៌មានជាតិ

មុខសញ្ញាជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចខេត្តសៀមរាបធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងករណីអំពើលួច

សៀមរាប: បន្ទាប់ពីទទួល សេចក្តីរាយការណ៍ ពីស្ត្រីម្នាក់ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ក្រោយពីស្តី្ររូបនេះ បានឃើញបុរសម្នាក់ជិះម៉ូតូ០១គ្រឿង ដែលធ្លាប់ចូលកន្លែងខ្លួនធ្វើការ នៅចំណុចហាងពន្លឺអង្គរ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប កាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ហើយបានបន្លំលួចយកទូរស័ព្ទខ្លួន ភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប និងកម្លាំងត្រៀមអន្តរាគមន៍ ដឹកនាំដោយ លោកវរសេនីយ៍ទោ ដា ចម្រើន អធិការនៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប បានចុះដល់កន្លែងដែលស្រ្តីរូបនោះបានរាយការណ៍ នឹងបាននាំបុរសសង្ស័យខាងលើមកធ្វើការសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោក វរសេនីយ៍ទោ នួន ស័ក្តិចម្រើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌស្រាល ធ្វើការសាកសួរ និងស្រាវជ្រាវ ទើបដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ វ៉ាង វន់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបកម្មករសំណង់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិនគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានជាប់ពាក់ព័ន្ធនឹងករណីអំពើលួច (ទូរសព្ទដៃ និងប្រាក់) និងអំពើលួច (ម៉ូតូ) ព្រមទាំងមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១០/២០១៦ ចុះថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៦ ចេញដោយលោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប ពីបទប៉ុនប៉ងរំលោភសេពសន្ថវ: កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នៅភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ផងដែរ។

វត្ថុតាងដកហូតបាន៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានផ្លាកលេខ គឺមានស្នាមដាប់និងឈូសលេខតួ និងលេខម៉ាស៊ីន អស់ នូវលេខពីរខ្ទង់ខាងចុង នៅសល់ត្រឹមលេខលេខ ៥១៦៥៣។ ជាម៉ូតូដែលជនសង្ស័យ បានធ្វើសកម្មភាពលួច កាលពីអំឡុងខែឧសភា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចខាងជើងស្ពានអង្គរ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប ។

ដោយមានការឯកភាពពីលោក ឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់