ភ្នំពេញៈ តាមប្រភពព័ត៌មានបឋម បានឲ្យដឹងថា កាលពីវេលាម៉ោង៩ កន្លះព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មានករណីក្រុមក្មេងទំនើង បង្កអុកទ្បុក វាយតប់គ្នា នៅក្នុងបន្ទប់រៀន នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បណ្ដាលឲ្យរងរបួសម្នាក់ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ ណី សៅសុវណ្ណ និងទី២ឈ្មោះ នូច ចាន់ណារិទ្ធ អ្នកទាំងពីរ គឺជាបងជីដូនមួយជាមួយគ្នា សុទ្ធជាកូនអ្នកធំ និងក្រុមគូកនចំនួន៣នាក់ទៀត មិនស្គាល់អត្តសញ្ញាណ។
ចំណែកជនរងគ្រោះឈ្មោះ ក្រាម ស៊ីង ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ រៀនផ្នែកវេជ្ជសាស្ត្រសត្វ នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ជាកូនប្រុស លោកមេបញ្ជាការរងប៉េអឹមក្រុងភ្នំពេញ។
ដំណើររឿង៖ មុនកើតហេតុ គេឃើញជនរងគ្រោះ កំពុងរៀននៅក្នុងថ្នាក់ រហូតដល់ម៉ោង ៩និង៤៥នាទីព្រឹកថ្ងៃដដែល ស្រាប់តែជនសង្ស័យ និងបក្ខពួកនាំគ្នា សម្រុកចូលក្នុងបន្ទប់ថ្នាក់រៀនជនរងគ្រោះ ដោយស្រែកសំឡុត រួចដាល់ត្រូវចំគុម្ពត្រចៀក និងក្តោងច្រមុះ បណ្ដាលឲ្យហូរឈាម តែពេលនោះ បានលោកគ្រូៗ និងនិស្សិតរួមថ្នាក់ ជួយរារាំង ទើបក្រុមជនសង្ស័យ បញ្ឈប់សកម្មភាព។
ភ្លាមៗនោះ ក្រុមជនសង្ស័យ ត្រូវបានខាងគណៈគ្រប់គ្រងសាលា ហៅឲ្យភាគីទាំងពីរ មកសម្របសម្រួលគ្នា តែចរចាមិនត្រូវ ទើបភាគីរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ដើម្បីឲ្យចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជក់៖ ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News មិនមានលេខទូរស័ព្ទទំនាក់ទំនងភាគីទាំងពីរបានទេ ថាមូលហេតុអ្វី ដែលនាំឲ្យឈានដល់អំពើហិង្សាដាក់គ្នាបែបនេះ ហើយក៏គ្មានប្រភពបញ្ជាក់ពីសមត្ថកិច្ចដែរ ប៉ុន្តែក្រុមការងារយើងខ្ញុំ រង់ចាំបំភ្លឺគ្រប់ពេលវេលា៕
មតិយោបល់