បាត់ដំបងៈ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រុម(ចោរប្លន់ម៉ូតូ) មានបក្ខត្រូវបានសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្រាវជ្រាវបំបែកសំណុំរឿងនេះបានហើយ ដោយធ្វើការឃាត់ ខ្លួនជនស័ង្សយចំនួន ០២នាក់ភេទប្រុស ។
រូបភាពនៃករណី(ប្លន់ម៉ូតូ)ដោយកម្រកើតមានមួយនេះបានកើតឡើងកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧និង១០នាទីព្រឹក មានករ ណីលួចមានស្ថានទម្ងន់ទោសដោយ (វាយប្លន់យកម៉ូតូ) កើតឡើងនៅចំណុចក្រុមទី២ ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងខណៈជនរងគ្រោះឈ្មោះ សៀក សីលា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ មានស្លាកលេខ 1AE-9953 ទៅមើលគោនៅចំណុចកើតហេតុខាងលើ ក៏ត្រូវបានជនសង័្សយ មានគ្នាចំនួន ២នាក់ ភេទប្រុស ធ្វើសកម្មភាពវាយមកលើជនរងគ្រោះ ដោយប្រើប្រាស់ (មួកសុវត្ថិភាពវាយ) និងប្រើប្រាស់ទួណឺវីសចុងស្រួចប៉ុនប៉ុងចាក់ផងហើយប្លន់ យកម៉ូតូរបស់ជនរងគ្រោះជិះគេចទៅបាត់ ។ ក្រោយកើតហេតុ ភ្លាមៗជនរងគ្រោះបានរាយការណ៍ជា បន្ទាន់ដល់សមត្ថកិច្ចនគរបាលមូលដ្ឋានជ្រាប និងធ្វើការស្វែងរកជនដៃដល់។
ផ្តើមចេញពីករណីដូចខាងលើ និងដោយមានការចង្អុលបញ្ជាដឹកនាំរបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានដឹកនាំធ្វើការស្រាវជ្រាវ ដោយប្រើប្រាស់កម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់ មានលោកវរសេនីយ៍ឯក អូន ហ្វៃ ជានាយការិយាល័យ និងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល ដែលមានលោកវរសេនីយ៍ទោ ឈឿង គឹមសុង ជានាយការិយាល័យ រួមសហការណ៍ជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដែលមានលោក វរសេនីយ៍ឯក ប៉ាន់ វណ្ណនី ជាអធិការនគរបាលស្រុក រួមដោយសមត្ថកិច្ចនគរបាលក្នុងភូមិសាស្រ្តក្រុង ស្រុកពាក់ព័ន្ធ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២០និង ១៥នាទី សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ ដែលពាក់ព័ន្ធករណី(លួចមាន ស្ថានទម្ងន់ទោសដោយ (វាយប្លន់យកម៉ូតូ) ក្នុងនោះគឺ៖
១-ឈ្មោះ ស៊ន ឆានុន ហៅ លៀន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង (ជាអ្នកធ្វើសកម្មភាពផ្ទាល់)។
២-ឈ្មោះ ឌី សុវណ្ណនេត ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិឥណជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង (ជាអ្នករួមគំនិតនិងផ្ដល់មធ្យោបាយ) ។
ដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ មានស្លាកលេខ 1AE-9953 ដែលជនសង័្សយដោះចេញក្រោយពេលធ្វើសកម្មភាពរួច ជារបស់ជនរងគ្រោះ
-ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខបាត់ដំបង1AH-3132(ជាម៉ូតូជិះធ្វើសកម្មភាពប្លន់)។
លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់ បានលើកឡើងថា ករណីប្រើប្រាស់ មួកសុវត្ថិភាព (វាយប្លន់យកម៉ូតូ) ដែលកើត ឡើងក្នុងមូលដ្ឋានរបស់លោក គឺជាករណីដែលមិនធ្លាប់កើតមានទេពីពេលមុនមក លោកបន្តថា នៅថ្ងៃកើតហេតុ ក្រោមបទបញ្ជារបស់ថ្នាក់ដឹកនាំស្នងការ លោកបានចាត់តាំងអនុវត្តធ្វើការស្រាវជ្រាវជាបន្ទាន់ និងដោយយកចិត្តទុកដាក់បំផុតលើករណីនេះ ។
លោក ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានបញ្ជាក់ ក្រោមបទបញ្ជារបស់លោក ស្នងការនគរបាលខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងក្នុងផែនធ្វើការស្រាវជ្រាវករណីនេះរហូតឈានដល់ ការឃាត់ខ្លួនជនសង័្សយបាន ។ នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយបានឆ្លើយសារភាពថា ដោយសារខ្លួនអត់ប្រាក់ចាយវាយ ក៏ផ្តើមគំនិតចេញធ្វើសកម្មភាព(ប្លន់យកម៉ូតូ) តែម្តងដោយ កំណត់គោលដៅទៅលើក្រុមយុវជន ដែលប្រើប្រាស់ម៉ូតូថ្មីៗហើយធ្វើដំណើរទៅ ទីកន្លែងស្ងាត់ឆ្ងាយពីទីប្រជុំជននោះខ្លួនធ្វើស កម្មភាពតែម្តង។
ទន្ទឹមនឹងលទ្ធផលដូចខាងលើនេះក្នុងនាមជាសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណៈជនបានជ្រាបថា គ្រប់ករណីដែលទាក់ទងជាមួយនឹងការងារ សន្តិសុខសណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋាន សមត្ថកិច្ចនគរបាលទទួលយក និងធ្វើការស្រាវជ្រាវ ស៊ើបអង្កេតដោយយកចិត្តទុកដាក់ជាបន្ទាន់បំផុត ដោយមិនបានគិតអំពីពេលវេលាណាឡើយ ហើយកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចនគរបាលគឺធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត និងមានជំនឿជឿជាក់លើសមត្ថកិច្ចក្នុងតួនាទី និងភារកិច្ចរបស់ខ្លួន ជាអ្នកបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន ជាមួយនេះ រាល់ភារកិច្ចទាំងអស់របស់នគរបាល ត្រូវការចាំបាច់នូវការរួមសហការពីប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ និងមហាជននៅគ្រប់មជ្ឈដ្ឋាន និងគ្រប់ពេលវេលាផងដែរ៕
មតិយោបល់