(បន្ទាយមានជ័យ)៖ ផ្ទះមួយខ្នងសង់អំពីឈើប្រក់សង្ក័សីជាអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយះលោក លី សារី អភិបាលរងខេត្តនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាបានធ្វើការប្រគល់ជូនប្រជាពលរដ្ឋក្រីក្រមួយគ្រួសាររស់នៅក្នុងភូមិថ្មីសង្កាត់ភ្នៀតក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ លោក គោ សាំ មេភូមិថ្មីបាននិយាយប្រាប់post news ថា ប្រជាពលរដ្ឋដែលទទួលបានផ្ទះមួយខ្នងហើយកំពុងសាងសង់នេះគឺលោកស្រី ប៉ែន កាយ អាយុ៥៤ឆ្នាំ ប្តីឈ្មោះ សាយ ខិះ អាយុ៥៦ឆ្នាំមានជម្ងឺលើសឈាមធ្លាក់ខ្លួនពិការដេកនឹងកន្ទេល។ក្រោយពីប្តីធ្លាក់ខ្លួនឈឺគ្រួសារនេះមានជីវភាពក្រីក្រលំបាកតោកយ៉ាករស់នៅក្នុងខ្ទមបែកបាក់លើដីចំណីផ្លូវ។
លោក លី សារី បានថ្លែងប្រាប់post newsថាដោយឃើញការលំបាកបែបនេះហើយទើបឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោកបានសាងសង់លំនៅដ្ឋានមួយខ្នងដែលចំណាយទឹកប្រាក់អស់ប្រមាណជិតពីរលានរៀលដើម្បីឲ្យគាត់មានជំរំជម្រកស្នាក់នៅបានសមរម្យ។
លោក លី សារី បានបន្តថាជាយុទ្ធសាស្រ្តកំណែទម្រង់ស៊ីជម្រៅ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ លោកបានដាក់ផែនការដល់ថ្នាក់ដឹកនាំខេត្តឲ្យចុះជួយជួសជុលនិងសាងសង់ជំរុំជម្រកជូនប្រជាពលរដ្ឋក្រីក្រនៅទូទាំងខេត្តដោយដោះដូរពីផ្ទះបាំងនិងប្រក់ស្បូវមកជាផ្ទះបាំងនិងប្រក់សង្ក័សីវិញដើម្បីឲ្យការរស់នៅរបស់ពួកគាត់បានសមរម្យពិសេសទុកឱកាសដល់ពួកគាត់មានលទ្ធភាពរកស៊ីចិញ្ចឹមជីវិតនិងមានជីវភាពបានធូរធារមិនបាច់ចំណាយលើការសង់លំនៅដ្ឋាននោះទេហើយការផ្តល់ជូននេះគឺមិនបានគិតពីនិន្នាការនយោបាយឡើយ។ដោយឡែកការប្រគល់និងសាងសង់លំនៅដ្ឋានថ្មីមួយជូនដល់គ្រួសារលោកស្រី ប៉ែន កាយ នេះគឺជាការសាងសង់បន្ថែមដោយមិនដាក់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្ត្រនោះទេ។
ក្នុងឱកាសចុះទៅប្រគល់និងពិនិត្យការសាងសង់នោះដែរលោក លី សារី និងក្រុមការងារបានឧបត្ថម្ភបន្ថែមនូវថវិកា២២ម៉ឺននិងគ្រឿងឧបភោគមួយចំនួនផងដែរដល់គ្រួសារលោកស្រី ប៉ែន កាយ ហើយសំរាប់ប្រជាពលរដ្ឋក្នុងភូមិសារ៉ុងម្នាក់មួយនិងជាង៦នាក់ម្នាក់២ម៉ឺនរៀលផងដែរ។
មតិយោបល់