ព័ត៌មានជាតិ

ទើបចេញពីកម្មវិធីកាត់ចំណងដៃការមិត្តភក្តិ បុរសម្នាក់ ជិះម៉ូតូត្រទ្បប់មកផ្ទះ ស្រាប់តែទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ស្លាប់មួយរំពេច

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង ៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២៧១ ត្រង់ចំណុចមុខក្លិប Blueline ស្ថិតក្នុងសង្កាត់ទួលទំពូង ២ ខណ្ឌចម្ការមន មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ភ្លាមៗនៅនឹងកន្លែង។

ជនរងគ្រោះឈ្មោះ ប៊ុន រ៉ងម៉ារឺលី អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ5A ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូ PCX ពាក់ផ្លាកលេខ 1AV-0610 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ ២៧១ ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានរ៉េចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបោកក្បាលស្លាប់មួយរំពេច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ រួចទាក់ទងជំនាញ ឲ្យចុះវាស់វែង យកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌចម្ការមន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ចំណែកសព ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់៖ ជនរងគ្រោះ ទើបចេញពីកម្មវិធីកាត់ចំណងដៃការមិត្តភក្តិ ក៏ជិះម៉ូតូត្រទ្បប់មកផ្ទះវិញ ហើយក៏ជួបគ្រោះអកុសលបែបនេះ៕

មតិយោបល់