កណ្ដាលៈ ផ្ដើមចេញពីទំនាស់ពាក្យសម្ដីគ្នាទៅវិញទៅមក ជនជាតិវៀតណាមម្នាក់ បានយកកាំបិតប៉័ងតោកាប់ ទៅលើបុរសម្នាក់ជាគូទំនាស់របស់ខ្លួន ខណៈកំពុងជិះម៉ូតូ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យក៏រត់គេចខ្លួនបាត់ស្រមោលតែម្ដង ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសំរោង ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាំង យូឡាង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ សាំង ពិសាល ភេទប្រុស អាយុ ៣៦ឆ្នាំ មានលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ប្រភពដដែលបន្ដថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យ និងជនរងគ្រោះបានឈ្លោះប្រកែកទាក់ពាក្យសម្ដី និងជេរដៀមដាមដាក់គ្នាទៅវិញទៅមក រហូតធ្វើឲ្យជនសង្ស័យអត់ទ្រាំពុំបាន ក៏យកកាំបិតប៉័ងតោចេញពីផ្ទះរបស់ខ្លួន តាមកាប់ជនរងគ្រោះ ខណៈកំពុងជិះម៉ូតូ បណ្តាលឲ្យមានរបួសចំនួន៦ថ្នេរ (ចំថ្ងាសខាងមុខដេរចំនួន៥ថ្នេរ និងចំបបូរមាត់ចំនួន១ថ្នេរ ។ បន្ទាប់ធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ ។
ចំពោះករណីនេះ កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីស្រាវជ្រាវចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់