(Reuters) - ឯកអគ្គរដ្ឋទូតដែលទើបតែងតាំងថ្មីរបស់ចិននៅទីក្រុងវ៉ាស៊ីនតោនបានសង្កត់ធ្ងន់លើសារៈសំខាន់ដ៏ធំបំផុតរបស់តៃវ៉ាន់ក្នុងទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកក្នុងអំឡុងពេលជួបប្រជុំលើកដំបូងរបស់លោកជាមួយមន្ត្រីកំពូលអាមេរិកម្នាក់ ចាប់តាំងពីពេលដែលលោកបានចូលកាន់តំណែងនេះ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។
លោក Qin Gang ដែលមានអាយុ ៥៥ ឆ្នាំដែលមានកេរ្តិ៍ឈ្មោះល្បីក្នុងការការពារតួនាទីរបស់ប្រទេសជាសាធារណៈ បានធ្វើឲ្យមានសុទិដ្ឋិនិយមនៅពេលដែលលោកបានមកដល់ទីក្រុងវ៉ាស៊ីនតោននៅចុងខែកក្កដាដើម្បីចូលកាន់តំណែងដោយនិយាយថា សក្តានុពលដ៏ធំកំពុងរង់ចាំក្នុងទំនាក់ទំនងទ្វេភាគី។
នៅថ្ងៃសុក្រនេះ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ថា ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman លោក Qin បាននិយាយថា ពួកគេទាំងពីរមានការផ្លាស់ប្តូរទស្សនៈដ៏ស៊ីជម្រៅ។
ភ្នាក់ងារសារព័ត៌មានចិន Xinhua បាននិយាយថា “ភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន និងសហរដ្ឋអាមេរិកមានសារៈសំខាន់យ៉ាងខ្លាំង ហើយចាំបាច់ក្នុងការដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការទំនាក់ទំនង ការគ្រប់គ្រងការខ្វែងគំនិតគ្នា និងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី” ។
បញ្ហាតែមួយគត់ដែលត្រូវលើកឡើងដោយផ្ទាល់នៅក្នុងរបាយការណ៍នោះគឺ កោះតៃវ៉ាន់ដែលចិនចាត់ទុកថាជាដែនអធិបតេយ្យរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានបន្ថែមដោយមិនបញ្ជាក់លម្អិតថា “លោក Qin Gang បានសង្កត់ធ្ងន់ថាបញ្ហាតៃវ៉ាន់គឺជាបញ្ហាសំខាន់ និងរសើបបំផុតនៅក្នុងទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។
ចិនកំពុងតែខឹងសម្បាយ៉ាងខ្លាំងដោយសហរដ្ឋអាមេរិកបង្កើនការគាំទ្រទៅលើកោះតៃវ៉ាន់ រួមទាំងការលក់អាវុធ និងការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយជឿថាទីក្រុងវ៉ាស៊ីនតោនកំពុងឃុបឃិតជាមួយកងកម្លាំងនៅតៃវ៉ាន់ដែលកំពុងស្វែងរកឯករាជ្យភាពផ្លូវការរបស់កោះនេះ ហើយជាខ្សែក្រហមសម្រាប់ទីក្រុងប៉េកាំង ៕
មតិយោបល់