ភ្នំពេញៈ ត្រឹមរយៈតែរយៈពេល១ខែ អង្គភាពប្រឆាំងអំពើពុករលួយ ឬ ACU ទទួលបាន៦៤ពាក្យបណ្ដឹង ក្នុងនោះ មានបណ្ដឹងអនាមិក២៣ និង១៧ពាក្យប្ដឹង ដែលអង្គភាពអះអាងថា មិនពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់អង្គភាពខ្លួន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៩ ខែកក្កដានេះ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងក្នុងកិច្ចប្រជុំលើកទី១៣ អាណត្តិទី២ ឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០១៦នេះ ACU ទទួលបានពាក្យចំនួន៦៤បណ្ដឹង ដែលក្នុងនោះ មានបណ្ដឹងអនាមិក២៣ពាក្យ ស្មើនឹង៣៦% ហើយមាន១៧ពាក្យប្ដឹង ដែលលោកទេសរដ្ឋមន្ត្រី អះអាងថា មិនបានពាក់ព័ន្ធសមត្ថកិច្ចរបស់អង្គភាពរបស់លោក។ លោកបន្តឲ្យដឹងទៀតថា ក្នុងខែដដែលនេះ ក៏មានជនរងការចោទប្រកាន់មកបំភ្លឺចំនួន២៤ និងធ្វើលិខិតសុំឲ្យស្ថាប័ន អង្គភាព សាម៉ីខ្លួនពាក់ព័ន្ធបំភ្លឺ១១លិខិត។
គួរជម្រាបថា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី១៣ អាណត្តិទី២ ក្រោមអធិបតីភាពលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងមានការចូលរួមដោយលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្ស។ កិច្ចប្រជុំនេះ បានពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី១២ អាណត្តិទី២ ព្រមទាំងបានស្ដាប់របាយការណ៍របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អំពីសកម្មភាពរបស់អង្គភាព ក្នុងខែកក្កដា ឆ្នាំ២០១៦ផងដែរ៕
មតិយោបល់