ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ បើកសុខៗ ដាច់កង់ក្រោយ ក្រឡាប់បោកផ្ទប់បង្គោលភ្លើង និងរបងផ្ទះអ្នកភូមិ

ភ្នំពេញ: រថយន្តម៉ាកហ៊ីយ៉ាន់ដាយទ្រុង១គ្រឿង ដឹកទឹកសុទ្ធ ខណ:កំពុងបើកបរ សុខៗស្រាប់តែដាច់កង់ក្រោយ ផ្នែកខាងស្ដាំ២គ្រាប់ បណ្ដាលឲ្យក្រឡាប់បោកផ្ទប់របងផ្ទះអ្នកភូមិ និងបាក់បង្គោលភ្លើងថ្ម១ដើម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង ៣៥នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅលើបេតុង ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តទ្រុងខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-9819 ជារថយន្តដឹកទំនិញ អ្នកបើកបរមិនត្រូវបានស្គាល់ អត្តសញ្ញាឡើយ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនកើតហេតុ រថយន្តខាងលើ បានធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ស្រាប់តែដាច់កង់ក្រោយខាងស្ដាំអស់២គ្រាប់ បណ្ដាលឲ្យក្រឡាប់សង្កត់លើរបងថ្ម និងបង្គោលភ្លើងបាក់អស់១ដើមតែម្ដង។

សំណាងណាស់ ហេតុការណ៍នេះ ពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ដោយទ្បែកអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណទ្បើយ បានដើរចាកចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុ ក៏មាននគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែង ហើយបានឃើញមានការប៉ះពាល់ដល់របងផ្ទះអ្នកភូមិ និងបង្គោលភ្លើងផង ទើបប្រគល់ទៅឲ្យផ្នែកនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់