ព័ត៌មានជាតិ

ដើរទិញឥវាន់សុខៗ ឃើញកាបូបគេចំហ លូកយកទ្រព្យសម្បត្តិ ត្រូវម្ចាស់ដឹងទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភំ្នពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេម៉ោង ១០ និង ៤០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្សារអូរឬស្សី ច្រកទី១១ ផ្លូវ១៨២ ភូមិ០២ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា មានករណីស្ត្រីម្នាក់លួចលូកយកកាបូបលុយគេ តែត្រូវម្ចាស់ចាប់បានប្រគល់ឲ្យសមត្ថកិច្ច។

ជនសង្ស័យឈ្មោះ គឹម ចាន់ទីន ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិកំពង់ថ្កូវ ឃុំដូរតន្ត្រី ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ សោម លក្ម្សី ភេទស្រី ជនជាតិខ្មែរមុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៤C ផ្លូវ១១០ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

សម្ភារបាត់បង់រួមមាន៖ កូនកាបូបលុយចំនួន ០១ និងប្រាក់ដុល្លារអាមេរិកចំនួន ២០០$។

ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យបានចេញពីផ្ទះមិត្តភ័ក្ត្រនៅម្តុំខាងក្រោយថ្មដាមកផ្សារអូរឫស្សី ដើម្បីរកទិញឥវ៉ាន់សែនដកជើងធូបពេលមកដល់ក្នុងផ្សារ ជនសង្ស័យដើរមើល ដល់ច្រកទី១១ ឃើញជនរងគ្រោះកំពុងរកទិញឥវ៉ាន់ហើយស្ពាយកាបូបចំហរ៉ូតខាងក្រោយខ្នង ជនសង្ស័យក៏ធ្វើសកម្មភាពលូកលួចយកកាបូបដាក់លុយនៅក្នុងកាបូបស្ពាយ ភ្លាមនោះជនរងគ្រោះដឹងទាន់ក៏ចាប់កអាវជនសង្ស័យជាប់ នាំមកដល់ផ្លូវ១៨២ ជួបនិងកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី១ដើម្បីសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់