ព័ត៌មានជាតិ

រថយន្តសាំយ៉ុងរត់ឈ្នួល បុកជាមួយម៉ូតូគុប របួសធ្ងន់ម្នាក់ បាក់ជើង២កំណាត់

ភ្នំពេញៈ បុរសម្នាក់រងរបួសបាក់ជើងស្តាំ២កំណាត់ បន្ទាប់ពីជួបគ្រោះថ្នាក់ចាចរណ៍ ត្រូវរថយន្តសាំយ៉ុងរត់ឈ្នួល បើកបុកម៉ូតូហុងដាគុប កំពុងបើកច្រាស់ទិស កាលពីវេលាម៉ោង ១និង៥៥នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះក្នុងករណីខាងលើឈ្មោះ ណេ វណ្ណៈ ភេទប្រុស អាយុ៥៦ឆ្នាំ រងបួសបាក់ជើងស្តាំ២កំណាត់ ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-6027 ជារថយន្តរត់ឈ្នួល បើកតាមផ្លូវជាតិលេខ៣ ល្បឿនលឿន ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចខាងលើ ក៏ទៅបុកជាមួយម៉ូតូ ម៉ាកហុងដាគុប មូល ពណ៌ខៀវ អត់ផ្លាកលេខ ដែលបើកច្រាស់ទិសគ្នា បណ្តាលឲ្យផ្លោងមនុស្សផ្ទប់នឹងកញ្ចក់រថយន្ត បែកកញ្ចក់ ធ្លាក់មកវិញបាក់ជើងស្តាំ២កំណាត់ រីឯម៉ូតូរួញមួយកំណាត់មុខ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯរថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់