ព័ត៌មានជាតិ

បេឡារុស បើកដៃឱ្យរុស្ស៊ីដំឡើងអាវុធនុយក្លេអ៊ែរ, ដាក់ទ័ពឈរជើងអចិន្ត្រៃយ៍

(មីនស្កិ៍)៖ ប្រជាជនបេឡារុស បានបោះឆ្នោតអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីឈរជើងជាអចិន្ត្រៃយ៍ និងដំឡើងអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន។

ការបោះឆ្នោតប្រជាមតិ បានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ ចំពេលប្រទេសក្បែរខាងបេឡារុស គឺអ៊ុយក្រែន កំពុងរងការវាយប្រហារពីសំណាក់កងទ័ពរុស្ស៊ី ហើយក្រុមប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងជួបចរចាគ្នានៅតំបន់ព្រំដែនបេឡារុស នៅថ្ងៃចន្ទនេះ។

ប្រជាជនដែលបានចូលរួមក្នុងការបោះឆ្នោតប្រជាមតិ, មាន ៦៥.១៦ភាគរយបានបោះឆ្នោតគាំទ្រ និង ១០.០៧ បោះឆ្នោតជំទាស់ទៅនឹង ការអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីឈរជើង ជាអចិន្ត្រៃយ៍ និងដំឡើងអាវុធនុយក្លេអ៊ែរនៅលើទឹកដីបេឡារុស។

ប្រធានគណៈកម្មការបោះឆ្នោតកណ្ដាលបេឡារុស លោក Igor Karpenko បានឱ្យដឹងទៀតថា អត្រាអ្នកចូលរួមបោះឆ្នោតប្រជាមតិនេះមាន ៧៨.៦៣ភាគរយ។ ការបោះឆ្នោតប្រជាមតិនេះ គឺជាផ្នែក មួយនៃការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដោយនឹងជួយពង្រឹងអំណាច និងការដឹកនាំរបស់លោកប្រធានាធិបតី (Alexander Lukashenko) ដែលបានឡើងកាន់អំណាចចាប់តាំងពីឆ្នាំ១៩៩៤មក៕

មតិយោបល់