ព័ត៌មានជាតិ

ស្នេហាត្រីកោណ ប្រុស៣ ស្រី១ ប៉ះគ្នាវ៉ៃប្រាវម្នាក់ដេកពេទ្យ ម្នាក់ដេកគុក ម្នាក់ទៀតរត់ចោលស្រុក

កណ្តាល=យុវជន ៣នាក់ គឺម្នាក់ត្រូវបានក្រុមគ្រួសារ ដឹកទៅកាន់មន្ទីរពេទ្យជ័យជំនះ សង្គ្រោះជាបន្ទាន់ ដោយសាររបួសធ្ងន់ និងម្នាក់ទៀត ត្រូវនគរបាលចាប់ខ្លួន ឱ្យទៅដេកក្នុងគុក ចំណែកម្នាក់ទៀត បិតសាប៊ូរគូថ រត់ចោលស្រុក ដោយសារតែលែងល្បែងស្នេហាត្រីកោណ ហើយបានជួបគ្នាក្នុងពេលតែមួយ ក៏វ៉ៃគ្នាប្រាវ តែម្តង។ 

លោកវរសេនីយ៍ទោ សុឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅ បានឱ្យ Post News ដឹងថា ហេតុការណ៍ប្រើអំពើហឹង្សា ដែលផ្តើមឡើង ដោយសារស្នេហាត្រីកោណនោះ កើតឡើងតាំងពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១៧:០០នាទី នៅចំណុចតាមផ្លូវ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ហើយដល់រសៀល នគរបាលចាប់ខ្លួនបានម្នាក់។

ជនរងគ្រោះឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ មុខរបរសិស្ស។ ចំណែកឯជនសង្ស័យ ០២នាក់ ម្នាក់ឈ្មោះប៊ុនលី ចាន់ថា ភេទ ប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខបរ រត់តុ (ឃាត់ខ្លួន) ។ ម្នាក់ទៀតឈ្មោះ ប៊ុនលី ផល្លា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិសង្កាត់ជាមួយគ្នានិងត្រូវជាបងប្អូនបង្កើតនឹងគ្នា (គេចខ្លួន)។

លោកអធិការ បញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យឈ្មោះ ប៊ុនលី ផល្លា បានស្រឡាញ់នារីម្នាក់ឈ្មោះ ហ៊ន ស្រីណា អាយុ ១៨ឆ្នាំ។ លុះមកដល់វេលាកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ប៊ុនលី ផល្លា បានឃើញជនរងគ្រោះកំពុងជិះម៉ូតូ ឌុបនារីឈ្មោះ ហ៊ន ស្រីណា បន្ទាប់មក ក៏បានហៅប្អូនប្រុសរបស់ខ្លួនម្នាក់ (ជនសង្ស័យឈ្មោះ ប៊ុនលី ចាន់ថា )និងយកដែកទីបជ្រុង ប្រវែងកន្លះម៉ែត្រ នាំគ្នាទៅវាយលើជនរងគ្រោះ ចំក្បាល និងដងខ្លួន បណ្តាលឲ្យមានរបួសស្នាម សន្លប់ដេកនៅលើថ្នល់តែម្តង បន្ទាប់មក ក៏ត្រូវបងប្អូន ដឹកយកទៅព្យាបាលរបួស នៅមន្ទីរពេទ្យជ័យជំនះ រីឯជនដៃដល់ទាំងពីរ បាននាំគ្នារត់គេចខ្លួនអស់។

រហូតមកដល់ថ្ងៃទី១៩ មេសា វេលាម៉ោង០១:០០នាទីរសៀល កម្លាំងប៉ុស្តិ៍កំពង់សំណាញ់ សហការណ៍ជាមួយផ្នែកជំនាញ បានឃាត់ខ្លួនជនសង្ស័យ ប៊ុនលី ចាន់ថា យកមកសាកសួរ ហើយបានសារភាពថា ខ្លួន និងបងប្រុស (ជនសង្ស័យឈ្មោះ ប៊ុនលី ផល្លា) ពិតជាបាននាំគ្នា យកដែកទីបជ្រុង ប្រវែងកន្លះម៉ែត្រ វាយទៅលើជនរងគ្រោះ ប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីនៃច្បាប់៕

photo_2016-04-20_09-09-54photo_2016-04-20_09-09-51

មតិយោបល់