ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវ រកថវិកា និងសម្ភារ ជួយសិស្សពូកែទូទាំងប្រទេស

ភ្នំពេញ=ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមឧបត្ថម្ភថវិកា និងសម្ភារគ្រាំទ្រការសិក្សា សម្រាប់ជារង្វាន់បន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស សំដៅជំរុញចលនា និងទ្បើងទឹកចិត្តសិស្សានុសិស្សទាំងទ្បាយ ឲ្យកាន់តែខិតខំប្រឹងប្រែង ក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេស ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីប្រកួតប្រជែងទៅនឹងយុវជននៅក្រៅប្រទេស ពិសេសប្រទេសជិតខាង។

យោងតាមលិខិតអំពាវនាវចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញនេះ ការប្រឡងសិស្សពូកែទូទាំងប្រទេសសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និង រូបវិទ្យា នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០១៦នេះ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប។
ហេតុដូច្នេះ ជនរួមជាតិដែលមានទឹកសប្បុរសចង់បរិច្ចាគ ថាវិកាក្តី សម្ភារៈក្តី ដើម្បីលើកទឹកចិត្ត ដល់យុវសិស្សខ្មែរ ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្រ សូមមេត្តាទំនាក់ទំនងទៅ ក្រសួងតាមរយៈលិខិតខាងក្រោមនេះ ។ ក្រសួងអប់រំ បានបង្ហាញភាពជឿជាក់ថា សប្បុរសជនទាំងក្នុង និងក្រៅប្រទេស នឹងជួយជ្រោមជ្រែង ឧបត្ថម្ភជាថវិកា សម្ភារនានា ដើម្បីផ្តល់កម្លាំងចិត្តដល់សិស្សជ័យលាភី៕

photo_2016-04-20_09-02-15

 

មតិយោបល់