សៀមរាបៈ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំដីស ស្ថិតក្នុងភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ ជនជាតិកូរ៉េ ២ នាក់ ជិះម៉ូតូធំកង់បួន ធ្លាក់ជង្ហុក បណ្ដាលឲ្យរេចង្កូត ធ្លាក់ចូលរណ្តៅដី មានទឹកពេញ ដែលគេដាក់ចិញ្ចឹមត្រីជម្រៅជាង ២០ម៉ែត្រ ស្លាប់ម្នាក់។
ជនរងគ្រោះទី១-ឈ្មោះ JANG SEONGSU ភេទ ប្រុស អាយុ ២២ ឆាំ្ន ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M73614046 (ស្លាប់) និងទី២-ឈ្មោះ LEE GYUHONG ភេទប្រុស អាយុ ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ M91994784 ។
អ្នកទាំង ២ ជាភ្ញៀវទេសចរណ៍ ស្នាក់នៅក្នុងសណ្ឋាគារ អង្គររ៉ូយ៉ាល់ រីសត ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប បាននាំគ្នាជួលម៉ូតូកង់បួន ជិះដើរលេងកម្សាន្ត នៅក្នុងក្រុងសៀមរាប។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានធ្លាក់ជង្ហុក ធ្វើរេចង្កូតទៅបុកបង្គោលថ្ម បណ្ដាលឲ្យធ្លាក់ចូលរណ្តៅដី (មានទឹកពេញ) ដែលមានជម្រៅ ២៥ ម៉ែត្រ។
ភ្លាមៗនោះ គេឃើញជនរងគ្រោះ លិចចូលទៅក្នុងទឹក ជាមួយនឹងម៉ូតូ ដោយជនរងគ្រោះឈ្មោះ Lee Gyuhong បានស្រវាឡើងមកលើច្រាំវិញបាន រីឯជនរងគ្រោះ ឈ្មោះ Jang Seongsu បានលិចបាត់ទៅ។
រហូតមកព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ទើបរកសពឃើញ ដោយការអន្តរាគមន៍ (បង់សំណាញ់)៕
មតិយោបល់