ភ្នំពេញៈ រថយន្តបែនដឹកដី១គ្រឿង បើកយ៉ាងលឿន បានវាក់ជាមួយរថយន្តកុងតឺន័រ បើកចេញពីផ្លូវលំឡើងមហាវិថីឈ្នះឈ្នះ ជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលបុកកៀរគាបជាប់គ្នា ស្ទើរតែធ្លាក់ចូលទៅក្នុងប្រឡាយ ហើយ តែសំណាងល្អ មិនបង្កឲ្យមានអ្នកគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅលើមហាវិថីឈ្នះឈ្នះ មុខវិទ្យាស្ថានពហុបច្ចេកទេសភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តបែនដឹកដីខាងលើ ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ 3A-5956 បើកបរដោយយុវជនមិនស្គាល់ឈ្មោះម្នាក់ ចំណែករថយន្តកុងតឺន័រ ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-3703 បើកបរដោយបុរស មិនស្គាល់ឈ្មោះដូចគ្នាដែរ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តបែនដឹកដី ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ បានវាក់ជាមួយរថយន្តកុងតឺន័រ ដែលបើកចេញពីផ្លូវលំឡើងមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត បំណងបត់ស្ដាំ។ ខណៈនោះរថយន្តបែនដឹកដី ជាន់ហ្រ្វាំងមិនជាប់ ក៏បានបុកៀរគាបជាប់គ្នាតែម្ដង សំណាងល្អហើយ មិនបណ្ដាលឲ្យមានអ្នករងគ្រោះឡើយ។
ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះទៅសម្រួលចរាចរណ៍ កុំឲ្យកកស្ទះ ហើយឲ្យភាគីទាំង២ ចរចាគ្នា តែមិនត្រូវ ទើបទាក់ទងជំនាញ ចុះវាស់វែង ចាត់ការតាមច្បាប់៕
មតិយោបល់