កាលពីជាង៧ឆ្នាំមុន តារាចម្រៀង លោក ទី អន (Ty On) ដែលត្រូវគេស្គាល់ថា ជាអតីតបេក្ខជនកម្មវិធីប្រទ្បងចម្រៀង និងសម្ដែង ក្នុងកម្មវិធីយុវតារាស្រាសាច់ដុំ កាលពីឆ្នាំ២០០៧ ប្រកាសវិលចូលសិល្បៈវិញហើយ ដោយលោក នឹងគ្រោងបញ្ចេញបទចម្រៀង Original Song ផ្ទាល់ខ្លួនក្នុងពេលដ៏ខ្លី បើទោះជាក្នុងពេលនេះ លោកស្ថិតនៅសហរដ្ឋអាមេរិក។ លោកប្រកាសចេញ១៥បទ តែម្ដង ដើម្បីធ្វើអោយកម្រើកអាជីពសិល្បៈជាថ្មី។
លោក ទី អន បានថ្លែងពីសហរដ្ឋអាមេរិកថា នៅលើទឹកដីថ្មី លោកនៅតែបន្តអាជីពចម្រៀងដូចកាលលោកស្រុកខ្មែរដដែលទេ ដោយរាល់កម្មវិធីបុណ្យទាន និងកម្មវិធីលក់សំបុត្រម្ដងៗ គឺលោកត្រូវបានគេអញ្ជើញមិនដែលខាន។ យ៉ាងណាមិញលោកទទួលតែការងារសំខាន់ៗប៉ុណ្ណោះ ដោយសារតែនៅអាមេរិក លោកក៏មានការងារពិបាកសុំច្បាប់។
លោក ទី អន និយាយថា មុនទៅអាមេរិក លោកគឺជាតារាចម្រៀងផង និង ជាតារាសម្ដែងផង ដោយមុនចេញពីស្រុកកំណើត លោកធ្លាប់ចេញបទ Original ២បទ ដោយក្នុងបទ”បុប្ផារីកក្នុងចិត្ត”ទទួលបានការគាំទ្រច្រើន។ អុីចឹងហើយទើបលោក នៅតែមិនចោលអាជីពចម្រៀង។ នៅក្នុងពេលនេះ លោកបានផលិតសាច់ភ្លេងបទថ្មី បានចំនួន១៥បទហើយ ដោយមានទាំងបទមនោសញ្ចេតនា បទញាក់ និងបទរាំវង់ កន្ទ្រឹម សម្រាប់ឱកាសចូលឆ្នាំផងដែរ។ លោកនឹងចុះមកថតបទចម្រៀងទាំងនោះនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីអោយឆាប់បានបទទាំងនោះ ដាក់បង្ហោះអោយទាន់មុនចូលឆ្នាំ។ យ៉ាងណាមិញ លោកមិនទាន់សម្រេចចិត្តមករស់នៅស្រុកខ្មែរនៅឡើយទេ តែលោកនឹងសម្លឹងមើលឱកាសមករស់នៅស្រុកវិញ នៅពេលលោកចុះមកថត MV ទាំង១៥បទរបស់លោក ប្រសិនបើការងារសិល្បៈនៅទីនេះល្អជាងនៅអាមេរិក។ បទចម្រៀងដែលត្រៀមថតនោះ លោកនឹងច្រៀងបង្ហាញ នៅលើទឹកដីអាមេរិក ដោយសារតែខាងអ្នករៀបចំកម្មវិធីប្រគំតន្ត្រីអបអរចូលឆ្នាំនៅអាមេរិក បានកុងត្រាយកលោក អោយច្រៀងរាំរួចហើយ៕
មតិយោបល់