ព័ត៌មានជាតិ

ជនសង្ស័យជាទាហាន ង៧០ មុនបាញ់សម្លាប់គូដណ្ដឹងបានបង្ហោះសារថា «ទ្រាំបានទ្រាំសិនទៅ អស់ទ្រាំចាំគិតទៀត ជីវិតអីខុសគេម្ល៉េះ»

ភ្នំពេញ: ករណីឃាតកម្មនារីម្នាក់ ត្រូវបុរសជាគូដណ្ដឹង បាញ់សម្លាប់ កាលពីវេលាម៉ោងប្រហែល ១២ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ត្រង់ផ្ទះលេខ H-03 ផ្លូវលំBT ក្នុងបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល ពេលនេះ សមត្ថកិច្ច បានកំណត់មុខសញ្ញាជនសង្ស័យហើយ។

ជនសង្ស័យឈ្មោះ យឺន វណ្ណដេត អាយុ ២៤ឆ្នាំ មុខរបរជានាយទាហាន នៅអង្គភាព ង៧០ មានឋានន្តរសក្តិវរសេនីយត្រី។
ជនរងគ្រោះឈ្មោះ ជុន ឌីណា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរនិសិត្សពេទ្យ បញ្ចប់សញ្ញាបត្របរិញ្ញា ផ្នែកឡាបូ និងប្រកបរបរលក់ឡេតាមអនទ្បាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរងនូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ (ម៉ាកឡុក ) ចំកញ្ចឹង.ក មានម្ដាយជាអ្នកប្រកបរបរជួល រោងការ បុណ្យ និងឪពុកជាមន្រ្តីពន្ធដារខេត្តកំពង់ស្ពឺ។

អ្នកទាំង២ ជាគូដណ្ដឹងនឹងគ្នា ដែលទើបភ្ជាប់ពាក្យ ក្នុងអំឡុងខែកញ្ញា ២០១៩ ហើយគ្រោងចូលការ នាខែមីនា ឆ្នាំ២០២០ ខាងមុខ។

ដំណើររឿង៖ មុនកើតហេតុជនសង្ស័យ នៅក្នុងផ្ទះជាមួយជនរងគ្រោះ មួយសន្ទុះក្រោយមក ស្រាប់តែឮស្នូរផ្ទុះអាវុធចំនួន ២គ្រាប់ ហើយឃើញជនសង្ស័យបីជនរងគ្រោះ ចេញមកខាងក្រៅ ហៅកង់បីឥណ្ឌា ដឹកនារីរងគ្រោះ ទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីសង្គ្រោះ តែដោយរបួសធ្ងន់ពេក ទើបជនរងគ្រោះ ស្លាប់ពេលបញ្ជូនបានពាក់កណ្តាលផ្លូវ។

បន្ទាប់ពីទទួលបានដំណឹងនេះ សមត្ថកិច្ច បានចុះមកត្រួតពិនិត្យ នៅទីតាំងកើតហេតុ ទើបផ្អើលឆោឡោតែម្តង។

ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវដឹកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីស្វែងរកសាច់ញាតិ លុះព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រី​ឯជនសង្ស័យ សមត្ថកិច្ច កំពុងតាមចាប់ខ្លួន យកមកផ្តន្ទាទោសចាត់ការតាមនីតិវិធី។

សូមបញ្ជាក់៖ មុនពេលកើតហេតុជនសង្ស័យបានបង្ហោះសារតាមបណ្ដាញសង្គមថា «ជីវិតខ្ញុំបែបកែមិនឡើងទេ ខំត្រុកៗរាល់ថ្ងៃ គ្មានទេអ្នកអោយតម្លៃ មានតែអ្នកជាន់ពន្លិច ពិបាកមិនដឹងត្រូវថ្លែងប្រាប់នរណា ទ្រាំបានទ្រាំសិនទៅ អស់ទ្រាំចាំគិតទៀត ជីវិតអីខុសគេម្ល៉េះ»។

យោងតាមប្រភពព័ត៌មានពីម្ដាយជនរងគ្រោះបានប្រាប់ Post News ថា អ្នកទាំង ២នោះបានស្រឡាញ់គ្នាអស់រយៈពេល ៥ឆ្នាំមកហើយ ទើបតែគ្រោងនឹងរៀបការនៅខែមិនា ឆ្នាំ២០២០ខាងមុខនេះហើយ គាត់បន្តទៀតថា កាលពីម្សិលមិញជនសង្ស័យបានទំនាក់ទំនងទៅកូនស្រីគាត់ ឲ្យមកផ្ទះឃាតក ដើម្បីពិភាក្សារកសម្អាងការ ស្រាប់តែកើតបញ្ហានេះទៅ៕

មតិយោបល់