បន្ទាយមានជ័យ៖ គ្រូពេទ្យម្នាក់គ្មានសញ្ញាបត្រនិងគ្មានជំនាញបើកគ្លីនិកព្យបាលអ្នកជំងឺខុសច្បាប់រងការចោទប្រកាន់ចាក់ថ្នាំ២ម្ជុលដល់អ្នកជំងឺជាស្ត្រីម្នាក់បណ្តាឱ្យស្លាប់កាលពីកាលពីវេលា ម៉ោង៣រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ នៅចំណុចភូមិរោងម៉ាស៊ីន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ក្រោយពីកើតហេតុលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ផាន់ ភីរម្យ ដឹកនាំកម្លាំងជំនាញនិង គ្រូពេទ្យចុះទៅត្រួតកន្លែងកើតហេតុហើយបន្ទាប់មកលោកបញ្ជាឱ្យសមត្ថកិច្ចឃាត់ខ្លួនគ្រូពេទ្យសង្ស័យដើម្បីយកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងនិងចាត់ចែងតាមនីតិវិធីច្បាប់។គ្រូពេទ្យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើមានឈ្មោះ វ៉ាត សាវេត ហៅវៀត ភេទប្រុស អាយុ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ សង្កាត់ខាងលើ ។ គាត់បាន ប្រកបមុខរបរជា គ្រូពេទ្យ ដើរព្យា បាលអ្នកជម្ងឺដែលជាប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យ ប្រហែលជាង៣០ឆ្នាំ មកហើយ។ ស្ត្រីអ្នកជំងឺដែលបាត់បង់ជីវិតមានឈ្មោះ យី លន់ អាយុ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅ សង្កាត់បឹង សាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចចុះទៅដល់កន្លែងកើត ហេតុបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែមេសាឆ្នាំ២០១៥ស្ត្រីរងគ្រោះ និងកូនប្រុសម្នាក់ទៀតបានជូនម្តាយមកដេកព្យាបាលជម្ងឺនៅផ្ទះគ្រូពេទ្យខាងលើ ។ កូនប្រុសស្ត្រីរងគ្រោះប្រាប់ឱ្យដឹងថា ម្តាយខ្លួន កើតជម្ងឺឈឺសន្លាក់ចង្កះរ៉ាំរ៉ៃ ហើយគាត់មកព្យាបាលគ្រូពេទ្យឈ្មោះ វ៉ាត សាវេត ហៅវៀត ដោយសារតែមានគេនៅប៉ោយប៉ែតបានណែនាំប្រាប់ថាគ្រូពេទ្យរូបនេះពូកែខាងព្យាបាលជម្ងឺសន្លាក់ខណៈដែលស្ត្រីរូបនោះនិងកូនប្រុសបម្រុងចាកចេញទៅព្យាបាលជំងឺនៅប្រទេសថៃទៅហើយនោះ ។ ក្រោយពីមានការណែនាំរួចមកស្ត្រីរងគ្រោះឱ្យកូនប្រុសនាំចូលមកដេក សម្រាកព្យាបាលជម្ងឺនៅផ្ទះគ្រូពេទ្យរូបនេះតែម្តង។ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងអំឡុងការដេក ព្យាបាលជម្ងឺរបស់ស្ត្រីរងគ្រោះហាក់បីដូចមានអាការៈធូស្រាលថានិងចេញទៅផ្ទះនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ។ ស្រាប់តែនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ស្ត្រីរងគ្រោះ បានងូតទឹក ហើយមានអាការៈក្តៅញាក់ញ័រ ឃើញបែបនេះ គ្រូពេទ្យឈ្មោះវ៉ាត សាវេត ហៅវៀត បានចាក់ថ្នាំ២ម្ជុលឱ្យ ស្រាប់តែអ្នកជំងឺមានសភាពកាន់តែធ្ងន់ធ្ងរ ហើយបន្ទាប់មក ត្រូវបានគេហៅរថយន្តសង្គ្រោះមន្ទីរពេទេព្យឯកជនដឹកយកទៅសង្គ្រោះបន្ទាន់លុះដល់មន្ទីរពេទ្យបានស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ។ជុំវិញបញ្ហានេះ លោក អ៊ីវ ដារ៉ាវុធ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណដែលក្រុមការងារគ្រូពេទ្យរបស់លោកចុះទៅកោសល្យវិច្ច័យសព បានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះគេពិនិត្យឃើញហាក់បីមានសភាពហើមមុខ គាត់អាចត្រូវបានប្រើប្រាស់ថ្នាំបំបាត់ឈឺចុកចាប់ និងមានអាការៈជំងឺទឹកនោមផ្អែម និងសំពាធឈាមឡើង ។គ្រូពេទ្យមកដល់ពេលនេះមិនទាន់ហ៊ានសន្និដ្ឋានថាអ្នកជម្ងឺស្លាប់ត្រូវចាក់ថ្នាំ រឺក៏ស្លាប់ដោយអាការៈជម្ងឺនៅឡើយនោះទេ។ លុះ ត្រាតែក្រុមគណៈគ្រូពេទ្យបើកកិច្ចប្រជុំនិងវិភាគច្បាស់លាស់នោះសិនទើបដឹងថាស្ត្រីអ្នកជម្ងឺ នោះស្លាប់ដោយសារអ្វី ។គ្រូពេទ្យរងការចោទប្រកាន់ខាងលើ បានប្រាប់ឱ្យដឹងថា ក្នុង អំឡុងអ្នកជំងឺដែលបានចូលដេកក្នុងផ្ទះរបស់គាត់គឺមានការព្យាបាលធូរស្រាលទៅហើយ មិនតែប៉ុណ្ណោះមុនពេលកើតហេតុអ្នកជំងឺជាស្ត្រីរងគ្រោះបានចូលទៅងូតទឹកហើយមានអាការៈ ជាខ្យល់គ ថប់ដង្ហើម ដោយគាត់ចាក់ថ្នាំជំនួយដង្ហើមចំនួន២ម្ជុល ហើយហៅរថយន្តពេទ្យ ឯកជនមកដឹកយកទៅសង្គ្រោះបន្ទាន់ក៏ត្រូវដាច់ខ្យលស្លាប់តែម្តង៕
ព័ត៌មានជាតិ
មតិយោបល់