ព័ត៌មានជាតិ

រថយន្តតាកូម៉ា បុករថយន្តបែនដឹកដីពេញទំហឹង បណ្ដាលឲ្យរបួសមនស្សជាច្រើននាក់

ភ្នំពេញៈ រថយន្តតាកូម៉ា ១គ្រឿង បើកបោះពួយយ៉ាងលឿន មិនប្រយ័ត្នត្រង់ចំណុចផ្លូវបំបែកជាបួន ក៏ជ្រុលចង្កូតទៅបុករថយន្តបែនធុនធំ ដែលបើកឆ្លងកាត់ផ្លូវចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ស្រាលមនុស្ស ៦នាក់

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រថ្ងៃទី១៨ ខែកមរា ឆ្នាំ២០២០ ត្រង់ចំណុចស្តុប២៤ម៉ោង តាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី កែងនិងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ដំណើររឿង៖ នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តបែនធុនធំ១គ្រឿង ម៉ាកហ្វូយហ្សូរ ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A-9521 ដឹកដីចេញមកពីការដ្ឋាន ដែលនៅក្បែរស្ពានអាកាស៥មករា បំណងយកទៅចាក់នៅខាងមុខសាលាសង្កាត់ក្រាំងធ្នង់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ក្នុងទិសដៅពីកើតទៅលិច ជាមួយល្បឿយ៉ាងលឿន។

លុះមកដល់ចំណុចស្តុបកើតហេតុ រថយន្តខាងលើ បានបើកឆ្លងកាត់ផ្លូវហាណូយ ស្របពេលនោះ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកតូយូតាតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AY-8104 បើកបរជាលក្ខណៈគ្រួសារមានគ្នាចំនួន៦នាក់ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយហាណូយ ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តបែនដឹកដីចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យអ្នករួមដំណើរនៅលើរថយន្តតាកូម៉ាម្នាក់ របួសធ្ងន់ និងប្រាំនាក់ទៀតរបួសស្រាល។

ដោយទ្បែករថយន្តទាំង ២គ្រឿង បានរងការខូចខាត ហើយភ្លាមៗនោះ រថយន្តបែនខាងលើ ព្យាយាមបើករត់គេចខ្លួន ឆ្ពោះទៅផ្លូវសម្តេចជាស៊ីមបានចម្ងាយប្រមាណ២០០ម៉ែត្រពីកន្លែងកើតហេតុ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌសែនសុខ ដែលប្រចាំការនៅគោលដៅ ធ្វើការស្ទាក់ចាប់បានភ្លាមៗផងដែរ។

ក្រោយកើតហេតុអ្នករួមដំណើរ ដែលរងរបួសចំនួន៥នាក់ ត្រូវរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនសម្ភពសែនជ័យដឹកយកទៅសង្គ្រោះភ្លាមៗតែម្ដង ចំណែករថយន្តទាំង ២គ្រឿង ត្រូវសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់