ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់ស្រវឹងស្រា បើករថយន្តទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

តាកែវ: កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤ និង ៥នាទីរសៀល លើផ្លូវលេខ129E ត្រង់ចំណុចខាងកើតភូមិរលួស ស្ថិតភូមិរលួស ឃុំឆ្លប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក វិស្តូ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេ្ 2T-9940 បើកបរដោយឈ្មោះ ឌិន តុង ភេទប្រុស អាយុ ៧១ ឆ្នាំ មុខរបរ ជាងក្រឡឹង មានទីលំនៅភូមិទូមដើមក្រូច ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ខណ:មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាក ស្មាក់វី ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1E-6678 បើកបរដោយឈ្មោះ ហង់ ធុល ភេទប្រុស អាយុ ៦៣ ឆ្នាំ កសិករ មានទីលំនៅភូមិរលួស ឃុំឆ្លប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ (របួសធ្ងន់) បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកកោះអណ្ដែត។

មូលហេតុ៖ បើកបរក្នុងស្ថានភាពស្រវឹង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយពេលក្រោយ៕

មតិយោបល់