ព័ត៌មានជាតិ

ប្លន់ទៀតហើយ! ពលរដ្ឋរិះលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យថ្មី គ្មានសមត្ថភាព ទប់ស្កាត់បទល្មើសបានទេ

ភ្នំពេញ: បុរសម្នាក់ បន្ទាប់ពីជួបជុំមិត្តភក្ដិហូបចុកផឹកស៊ី នៅផ្ទះជួលរួច ក៏បានជិះម៉ូតូទៅលេងផ្ទះមិត្តស្រី ស្រាប់តែត្រូវក្រុមជនសង្ស័យ វាយធាក់ប្លន់យកម៉ូតូ ទៅបាត់ ខណ:ជនរងគ្រោះ ដេកដួលសន្លប់ តាមចិញ្ចើមផ្លូវ តាំងពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងលេខ១ តាកន ភូមិព្រៃជីសាក់ ខណ្ឌពោធិ៍សែនជ័យ។

រហូតដល់ព្រឹកថ្ងៃទី១៨ ខែមករានេះ ទើបពលរដ្ឋប្រទះឃើញ ដេកននៀលលើចិញ្ចើមផ្លូវ ដាស់សាកសួរ ទើបដឹងថា គេយកម៉ូតូ កាបូបលុយ ឯកសារម៉ូតូ អត្តសញ្ញាណប័ណ្ណ បាត់អស់ ក៏ផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើលជាក់ស្តែង ។

ជនរងគ្រោះឈ្មោះ យឹម វិទូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ក្រុងព្រៃវែង ខេត្តព្រៃវែង របួសឆ្អឹងជំនីក្រោមក្លៀកខាងឆ្វេង និងរបួសដៃជើង។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ នៅយប់ថ្ងៃទី១៧ ខែមករា ខ្លួនជួបជុំផឹកស៊ីជាមួយមិត្តភក្ដិ លុះដល់វេលាម៉ោង១១យប់ថ្ងៃដដែល បានជិះម៉ូតូស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៩ មិនចាំផ្លាកលេខ គោលបំណងទៅលេងផ្ទះមិត្តស្រី នៅផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយធ្វើដំណើរតាមផ្លូវបេតុង ភូមិព្រៃទា ចេញមកដល់ផ្លូវបេតុង ភូមិព្រៃជីសាក់ទីតាំងកន្លែងកើតហេតុ ក៏លេចមុខជនសង្ស័យមួយក្រុម ជិះម៉ូតូ មកវាយធាក់ខ្លួន បណ្តាលឲ្យដួល រួចដណ្តើមយកម៉ូតូ កាបូបលុយ ហើយគេចខ្លួនបាត់ទៅ ដោយសារឈឺខ្លួនពេក ម្យ៉ាងស្រវឹងស្រើងៗផង ក៏ដេកដួលលើចិញ្ចើមផ្លូវ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា ទើបដឹងខ្លួន ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ឃើញបុរសរងគ្រោះ ដេកចិញ្ចើមផ្លូវ មិនងើបសោះ មិនហ៊ានទៅដាស់ ស្មានតែមនុស្សអនាថា ដើរដេកតាមផ្លូវ រហូតដល់វេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ទៅដាស់ ទើបដឹងថា មានអ្នកយកម៉ូតូរបស់គាត់ បង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពីប្រទះឃើញ ជនរងគ្រោះ ប្រជាពលរដ្ឋជួយ នាំមកអង្គុយមុខផ្ទះ ឲ្យហូបទឹក ទឹកក្រូច លុបលាងមុខ ដើម្បីឲ្យស្វាង រួចរាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើលសាកសួរជាក់ស្តែង តែជនរងគ្រោះ ក្នុងសភាពក្រំខ្លួន ឈឺចុកចាប់ ទើបសមត្ថកិច្ច ប្រាប់ឲ្យទៅផ្ទះ ទៅពេទ្យសិន រង់ចាំឲ្យស្រួលខ្លួន ចាំទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ប៉ូលិសតាមក្រោយ។

សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋនៅតែមានចម្ងល់ថា តាំងពីមានការតែងតាំងអធិការថ្មីមក បទល្មើសក្នុងខណ្ឌពោធិ៍សែន ហាក់បីដូចជាមិនថមថយសោះ ធ្វើឲ្យពួកគាត់រស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភយ៉ាងខ្លាំង តើភូមិឃុំមានសុវត្ថិភាពយ៉ាងណាទៅ បើមានចោរឆក់លួច ប្លន់ញឹកញាប់បែបនេះ។

តាមប្រភពព័ត៌មានលួចបង្ហើយប្រាប់ Post News ល្បែងស៊ីសងក៏សម្បូរដែរ កន្ទុយលេខ ហ្គេមអនទ្បាញ គ្មានអាជ្ញាធរណាបង្ក្រាបទាល់តែសោះ ប្រហែលជាសម្ងំ ដេកលក់អស់ហើយ៕

មតិយោបល់