ព្រៃវែងៈ កាលពីវេលាម៉ោង ២ និង ២០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ក្នុងដងទន្លេតូច ស្ថិតភូមិថ្មី ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង មានករណីលិចទូក បណ្ដាលឲ្យក្មេងប្រុស២នាក់ស្លាប់បាត់បង់ជីវិត។
ជនរងគ្រោះទាំង២នាក់រួមមាន៖
១/ឈ្មោះ បូ រស្មី ភេទប្រុស អាយុ ១២ ឆ្នាំ មានទីលំនៅក្នុង ភូមិ/ឃុំកើតហេតុ។
២/ឈ្មោះ សេង ប៊ុនឃាង ភេទប្រុស អាយុ ១៤ ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិម្នាក់ទៀតឈ្មោះ ពន្លក ម៉េង ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅឯរាជធានីភ្នំពេញ បាននាំគ្នាជិះទូកពីត្រើយខាងជើងទន្លេតូច ឆ្លងទៅត្រើយខាងត្បូង បំណងទៅលេងនៅទីនោះ ខណៈទៅដល់កណ្ដាលទន្លេ មិនដឹងយ៉ាងមិច ស្រាប់តែទូកលិច ធ្វើឲ្យជនរងគ្រោះទាំង២នាក់ ដែលមិនចេះហែលទឹកផងនោះ បានលង់ទឹករហូតស្លាប់បាត់បង់ជីវិត ចំណែកជនរងគ្រោះឈ្មោះ ពន្លក ម៉េង ចេះហែលទឹក ខំប្រឹងហែលរហូតមកដល់ច្រាំង ទើបរួចជីវិត ទាំងភ័យស្លេកស្លាំង បន្ទាប់មកក៏រត់ទៅហៅអ្នកស្រុក ឲ្យទៅជួយមិត្តភក្តិដែលលង់ទឹកភ្លាមៗដែរ តែទំរាំអ្នកស្រុកមកដល់ ចុះរាវរកឃើញ ពួកគេបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យនិងកត់កំណត់ហេតុ ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់