ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! រថយន្តហ្វតរ៉េនជ័រ ផ្លាកលេខរដ្ឋ 34 2-3636 ពន្លះក្បាលព្រួញបាក់អស់១កង់

ភ្នំពេញ: បុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្ត ១គ្រឿងបោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់១កង់ ចំណែករថយន្តរងខូចខាតមួយចំហៀងខាងមុខយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្ស កែងនិងផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេង៣ ខណ្ឌបឹងកេងកង។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្តហ្វតរ៉េនជ័រ ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ 34 2- 3636 ធ្វើដំណើរពីជើងទៅត្បូង បោះពួយយ៉ាងលឿន។ ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់១កង់ ចំណែករថយន្តខូចខាតផ្នែកមុខចំហៀងខាងឆ្វេង ទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ទាក់ទងជំនាញ ឲ្យចុះវាស់វែង ស្ទូចរថយន្តបង្ក ទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់