ព័ត៌មានជាតិ

ឃើញរថយន្តចតមុខផ្ទះវាយកញ្ចក់ លួចយកធុងបាស់ ទុករាំលេងចូលឆ្នាំចិនហើយមើលទៅ

ភ្នំពេញ: កាលពីវេលាម៉ោង ៣ និង ០០នាទីរំលងអាធ្រាត្រ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវ៦៩BT ស្ថិតភូមិក្បាលទំនប់១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់យកដុំថ្មវាយបំបែកកញ្ចក់រថយន្តយកធុងបាស់។

ជនសង្ស័យឈ្មោះ ហេង ប្រុស ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និងមុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ យឹម ស៊ីដូនិច ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៤C ផ្លូវ៦៩BT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមន្រ្តីក្រសួងយុត្តិធម៍ ។

សម្ភារ:បាត់បង់៖ បែកកញ្ចក់រថយន្តម៉ាក ហាយលែនឌឺរ ពណ៌ស សេរីឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ ២U-១៧៦៩ ផ្នែកខាងឆ្វេងចំនួន០១ផ្ទាំង និង ធុងបាស់ចំនួន០១។

ដំណើររឿង៖ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៩ និង ០០នាទីយប់ ជនរងគ្រោះបានយករថយន្តខ្លួនមកចតមុខផ្ទះត្រង់ ស្ថិតភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចចូលក្នុងផ្ទះសម្រាកបាត់ទៅ រហូតដល់ថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២០ វេលាម៉ោង ៦ និង ០០នាទីព្រឹក ស្រាប់តែអ្នកជិតខាងមកប្រាប់ថារថយន្តបែកកញ្ចក់ហើយ ពេលនោះជនរងគ្រោះចេញទៅមើលឃើញរថយន្តខ្លួនបែកកញ្ចក់ និងបាត់ធុងបាស់ក្នុងរថយន្តចំនួនមួយគ្រឿងទៀត បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពុនទី២ ឲ្យជួយស្រាវជ្រាវរកជនសង្ស័យចាត់ការតាមផ្លូវច្បាប់។ ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលកាំមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យធ្វើសកម្មភាពយកដុំថ្មវាយបំបែកកញ្ចក់រថយន្តលួច យកធុងបាស់ចំនួនមួយគ្រឿងក្នុងរថយន្តរបស់ជនរងគ្រោះ។
លុះដល់ថៃ្ងទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣ និង ០០នាទីទាបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលបឹងទំពុនទី២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ត្រង់ចំណុចខាងលើ យកទៅធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពុនទី២តែម្តង ក្រោយធ្វើការសាកសួររួចជនសង្ស័យឆ្លើយសារភាពថា ខ្លួនបានយកដុំថ្មវាយបំបែកកញ្ចក់រថយន្តលួចយកធុងបាស់ចំនួនមួយគ្រឿងក្នុងរថយន្តរបស់ជនរងគ្រោះ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់