ព័ត៌មានជាតិ

ម៉ូតូ៣គ្រឿងបុកគ្នាបន្តបន្ទាប់ មនុស្ស៦នាក់របួសធ្ងន់និងស្រាល

ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្ស៦នាក់ បានរងរបួសធ្ងន់ និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូធំម៉ាក CBR ជិះក្នុងស្ថានភាពស្រវឹង ទៅបុកម៉ូតូស្មាស់វីពីក្រោយ ខណៈកំពុងជិះស្រាបទិសគ្នា ក៏បន្តទៅបុកម៉ូតូស្មាស់រីវ៉ូមួយគ្រឿងទៀត ដែលចតនៅតាមផ្លូ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញម៉ូតូបង្កម៉ាកCBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-3883 ជិះឌុបគ្នា២នាក់ តាមផ្លូវ២០០៤ ទិសដៅពីជើងទៅក្នុងល្បឿនលឿន ។ ចំណែកឯម៉ូតូស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ
ភ្នំពេញ 1BH-2290 ជិះគ្នា២នាក់ស្របទិសគ្នា ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូ CBR រ៉េចង្កូតទៅបុកម៉ូតូស្មាស់វីពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូទាំងសងខាង រងរបួសធ្ងន់និងស្រាលរៀងៗខ្លួន។

សាក្សីបានបន្តថា ដោយម៉ូតូCBRមិនទាន់អស់ល្បឿន បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AC-1679 ជិះគ្នា២នាក់ បណ្តាលឲ្យរបួសធ្ងន់និងស្រាល២នាក់ ទៀត សរុបទាំងអស់៦នាក់។

ក្រោយពីកើតហេតុ ជនរងគ្រោះដែលរងរបួសក្នុងហេតុការណ៍ខាងលើ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំង៣គ្រឿង ត្រូវសមត្ថកិច្ចចរាចរណ៍ជំនាញ យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់