ភ្នំពេញៈ បុរសម្នាក់ បើករថយន្ត ១គ្រឿង រួមដំណើរប្រុសស្រីពីរនាក់បោះពួយយ៉ាងលឿន មិនប្រយ័ត្នបានរេចង្កូតទៅបុករថយន្តម៉ាស្តាពេញទំហឹង បណ្ដាលរងការខូចខាតទាំងសងខាង និងស្ត្រីម្នាក់ របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង ១២និង១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាស៊ីម ត្រង់ចំណុចផ្សារបឹងបៃតង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ដំណើររឿង៖ មុនកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរប្រុសស្រី ២នាក់ បើករថយន្ត១គ្រឿង ម៉ាកលុចស៊ីស RX330 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AL- 2716 ធ្វើដំណើរពីលិចទៅកើតបោះពួយយ៉ាងលឿន មិនប្រយ័ត្នបានរេចង្កូតមកខាងឆ្វេង ចូលចំណីផ្លូវម្ខាងទៀត ទៅបុករថយន្តម៉ាស្តា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AM- 6001 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិចពេញទំហឹង បណ្ដាលឲ្យខូចខាតដាច់កង់រថយន្តទាំងពីរគ្រឿងដូចគ្នា។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ រួចទាក់ទងទៅជំនាញក្រុង ឲ្យចុះវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅការិយាល័យចរាចរណ៏ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕








មតិយោបល់