ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញឲ្យអ៊ីស្រាអែល ពន្លឿនការអនុវត្តនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេសរវាងកម្ពុជា-អ៊ីស្រាអែល ដែលបានចុះហត្ថលេខាតាំងពីឆ្នាំ១៩៩៤មកនោះ។
ការជំរុញរបស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងនៅក្នុងកិច្ចពិភាក្សាជាមួយលោក Simon Roded ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកកប្រទេសថៃ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា កិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេសរវាងកម្ពុជា និងអ៊ីស្រាអែល បានធ្វើឡើងតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ តែរហូតមកដល់ពេលនេះមិនទាន់អនុវត្តនៅឡើយទេ។ អាស្រ័យហេតុនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជំរុញអ៊ីស្រាអែលពន្លឿននូវការអនុវត្តកិច្ចព្រមព្រៀងនេះ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ កម្ពុជា-អ៊ីស្រអែលបន្ថែមទៀត។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា ក្នុងជំនួបនេះ លោក ប្រាក់ សុខុន ស្នើអ៊ីស្រាអែល ពន្លឿនការអនុវត្តនូវកិច្ចព្រមព្រៀង នៃសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងទីក្រុងបាត់ចាន់ ប្រទេសអ៊ីស្រាអែល ដែលបានចុះហត្ថលេខាជាមួយគ្នាតាំងពីឆ្នាំ២០០៥មកនោះ។
ក្នុងជំនួបនេះលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានបង្ហាញពីបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយអ៊ីស្រាអែល ត្បិតប្រទេសអ៊ីស្រាអែល ជាប្រទេសដែលមានបច្ចេកទេសខ្ពស់លើវិស័យកសិសកម្ម និងការគ្រប់គ្រងទឹក។ លោកទេសរដ្ឋមន្រ្តី ក៏បង្ហាញពីបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែល លើការបោសសម្អាតមីន នៅកម្ពុជាផងដែរ។
ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូតអ៊ីស្រាអែល Simon Roded បានបញ្ជាក់ថា នឹងពាំនាំនូវសំណើទាំងអស់នេះទៅរដ្ឋាភិបាល ដើម្បីពិនិត្យលទ្ធភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាជាអនុវត្តន៍នូវកិច្ចព្រមព្រៀងទាំងឡាយ ដែលបានចុះហត្ថលេខាជាមួយគ្នា។
ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីបំណងរបស់រដ្ឋាភិបាលអ៊ីស្រាអែល ចង់ពង្រីកទំនាក់ទំនងលើវិស័យធុរកិច្ចជាមួយកម្ពុជាផងដែរ និងស្នើឲ្យ មានការចុះកិច្ចព្រមព្រៀងការពារអ្នកវិនិយោគ ដើម្បីជំរុញលើវិស័យធុរកិច្ចនេះ៕
មតិយោបល់