ភ្នំពេញៈ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ លោក ហ្សង់ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសឡាឡេស្យុងដោនើរ (La Légion d’Honneur) ថ្នាក់អស្សឫទ្ធិ ជូនលោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ ដែលជាបុគ្គលមានឥទិ្ធពល និងទទួលបានការគោរពក្នុងចំណោមសមាជិកអង្គការសង្គមស៊ីវិលកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងស្ថានទូតបារាំងដោយមានការចូលរួមពីសមាជិករាជវង្ស ក្រុមគ្រួសារ និងសហសេវិកលោកស្រី។
នៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតបារាំងបានរំឭកពីជីវប្រវត្តិដ៏គួរឲ្យកត់សម្គាល់របស់លោកស្រី ពុង ឈីវកេក ដែលបានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្រ្តនៅប្រទេសបារាំង ហើយវិលត្រលប់មកកម្ពុជាវិញនៅឆ្នាំ១៩៦៨ដើម្បីបំពេញការងារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នៅឆ្នាំ១៩៧១ លោកស្រីបាននីរទេសខ្លួនពីកម្ពុជាទៅកាន់ប្រទេសបារាំង ដែលនៅទីនោះ លោកស្រីបានដើរតួនាទីសំខាន់ក្នុងដំណើរការផ្សះផ្សាជាតិកម្ពុជា។ លោកស្រី គឺជាអ្នកចូលរួមផ្តួចផ្តើមរៀបចំឲ្យមានជំនួបដំបូងៗរវាងព្រះអង្គម្ចាស់សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតំបន់ Fère-en-Tardenois នៃប្រទេសបារាំងកាលពីឆ្នាំ១៩៨៧។ ជំនួបទាំងនោះគឺជាដំណាក់កាលដំបូងនៃដំណើរការចរចារដែលឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១ ដែលខួប២៥ឆ្នាំនឹងត្រូវប្រារពធ្វើនៅឆ្នាំនេះ។
បន្ទាប់ពីការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោកស្រី ពុង ឈីវកេក បានបង្កើតអង្គការលីកាដូ ដែលមិនយូរប៉ុន្មានបានក្លាយទៅជាអង្គការក្រៅរដ្ឋាភិបាលមួយ លេចធ្លោក្នុងការការពារសិទ្ធិមនុស្សនៅកម្ពុជា។ អង្គការលីកាដូធ្វើសកម្មភាពជាច្រើនក្នុងការផ្តល់ជំនួយផ្នែកមនុស្សធម៌ និងជំនួយផ្នែកវេជ្ជសាស្រ្តដល់អ្នកជាប់ពន្ធនាគារ ក៏ដូចជាការការពារសិទ្ធិជាមូលដ្ឋាន និងការឃ្លាំមើលការបោះឆ្នោត។ អស់រយៈពេលជាង២០ឆ្នាំហើយដែលអង្គការនេះបានរួមចំណែកពង្រឹងនីតិរដ្ឋ និងជួយជនងាយរងគ្រោះនៅកម្ពុជា។
ដូច្នេះ ការបំពាក់គ្រឿងឥស្សរិយយសឡាឡេស្យុងដោនើរដល់លោកស្រី ពុង ឈីវកេក គឺជាសក្ខីភាពនៃការកោតសរសើររបស់ប្រទេសបារាំងចំពោះតួនាទីរបស់លោកស្រីក្នុងដំណើរការផ្សះផ្សារជាតិ និងការរួមចំណែកពង្រឹងសិទ្ធិមនុស្សនៅកម្ពុជា។ ប្រទេសបារាំងមានមោទនភាពក្នុងការគាំទ្រ និងបន្តគាំទ្រអង្គការសង្គមស៊ីវិល ដែលដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងប្រជាធិបតេយ្យនៅកម្ពុជា។
សូមបញ្ជាក់ថា ឡាឡេស្យុងដោនើរគឺជាគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមបំផុតរបស់ប្រទេសបារាំង ដែលត្រូវបានបង្កើតឡើងដោយព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត នៅឆ្នាំ១៨០២៕
មតិយោបល់